កៀវ ៖ មេដឹកនាំអ៊ុយក្រែន បាននិយាយកាលពីថ្ងៃ អង្គារ ថា ប្រទេសរបស់ខ្លួនបានដាក់ពង្រាយអ្នកជំនាញយោធាប្រឆាំងយន្តហោះគ្មានមនុស្សបើកចំនួន ២០១ នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយទប់ទល់នឹងយន្តហោះដ្រូនពិឃាត Shahed របស់អ៊ីរ៉ង់ ។

កៀវ ៖ មេដឹកនាំអ៊ុយក្រែន បាននិយាយកាលពីថ្ងៃ អង្គារ ថា ប្រទេសរបស់ខ្លួនបានដាក់ពង្រាយអ្នកជំនាញយោធាប្រឆាំងយន្តហោះគ្មានមនុស្សបើកចំនួន ២០១ នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយទប់ទល់នឹងយន្តហោះដ្រូនពិឃាត Shahed របស់អ៊ីរ៉ង់ ។
បើតាមស៊ីនហួរ, អំឡុងទស្សនកិច្ចក្នុងទីក្រុងឡុងដ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់សមាជិកសភាអង់គ្លេស ថា អ្នកទាំងនោះ គឺជាអ្នកជំនាញយោធា ដែលដឹងពីរបៀបជួយទប់ទល់ និងការពារប្រឆាំងជាមួយយន្តហោះដ្រូន Shahed ។
លោកថា ក្រុមអ្នកជំនាញយោធារបស់អ៊ុយក្រែន ដាក់ពង្រាយរួចរាល់ហើយ នៅក្នុងប្រទេសអារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអូឌីត ហើយពួកគេក៏កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសគុយវ៉ែតផងដែរ ខណៈអ្នកឯកទេសបន្ថែមចំនួន ៣៤ នាក់ទៀត បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការដាក់ពង្រាយ ។
លោកប្រធានាធិបតី ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នអ៊ុយក្រែនមានសមត្ថភាពផលិតយន្តហោះដ្រូនស្ទាក់ចាប់ប្រហែល ២,០០០ គ្រឿងក្នុងមួយថ្ងៃ ហើយអាចផ្គត់ផ្គង់រហូតដល់ពាក់កណ្តាលនៃទិន្នផលនោះ ដល់សម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីជួយពង្រឹងការការពារដែនអាកាសរបស់ពួកគេ ។
លោកថា លើសពីនេះ អ៊ុយក្រែនក៏កំពុងអភិវឌ្ឍយានដ្រូនក្រោមទឹក និងយន្តហោះគ្មានមនុស្សបើក ដែលមានសមត្ថភាពធ្វើប្រតិបត្តិការនៅក្នុងបរិស្ថានមហាសមុទ្រ ។
ឆ្លើយតបការលូករបស់អ៊ុយក្រែនក្នុងសង្គ្រាមមជ្ឈិមបូព៌ា សមាជិកសភាអ៊ីរ៉ង់មួយរូប បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែនបានក្លាយជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ ដោយសារតែការជាប់ពាក់ព័ន្ធរបស់ទីក្រុងកៀវ នៅក្នុងភ្លើងជម្លោះដុតបញ្ឆេះឡើងពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ៕



ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
