នៅថ្ងៃនេះ សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី បានចេញសារលិខិតមួយ ដើម្បីអបអរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ដែលនឹងប្រារពឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

នៅថ្ងៃនេះ សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី បានចេញសារលិខិតមួយ ដើម្បីអបអរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ដែលនឹងប្រារពឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
សម្តេចបវរធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ សំដៅការពារយុត្តិធម៌សង្គម និងការអភិវឌ្ឍសង្គម ដោយផ្អែកលើសិទ្ធិមនុស្ស ។
ទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា» ដែលផ្តោតសំខាន់លើតួនាទីរបស់កម្លាំងសេវាសង្គមក្នុងការផ្តល់ការគាំទ្រនូវតម្រូវការជាមូលដ្ឋាន និងអារម្មណ៍សុខសុវត្ថិភាព តាមរយៈការគាំទ្រគ្នាទៅវិញទៅមក។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា តាមរយៈការប្រារព្ធទិវានេះ យើងរួមគ្នាកសាងពិភពលោកមួយដែលផ្តល់ក្តីមេត្តា ក្តីស្រលាញ់ សន្តិភាព និងសាមគ្គីភាព សំដៅពង្រឹងសុខុមាលភាពសង្គមកាន់តែល្អប្រសើរ និងយូរអង្វែងសម្រាប់មនុស្សគ្រប់ៗរូប។
សម្តេចបន្តថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ និងការពារដាច់ខាតនូវគុណតម្លៃនៃសន្តិភាព និងសាមគ្គីភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ការរក្សាស្ថិរភាពសង្គម និងបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្របខ្លួន និងឆ្លើយតបប្រកបដោយបុរេសកម្ម ឱ្យទាន់សភាពការណ៍សង្គម សេដ្ឋកិច្ចសកល និងតំបន់។
ក្នុងការអភិវឌ្ឍ និងការលើកកម្ពស់ការផ្តល់សេវាក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិជាច្រើន។ ទោះបីយ៉ាងណា ចំនួនអ្នកអាជីពសង្គមកិច្ច និងអ្នកអាជីពសង្គមកិច្ចរង នៅមានកម្រិតទាប ដែលត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋជាមធ្យម ២៥ ០០០នាក់ក្នុង១ក្រុង ស្រុក ខណ្ឌ។
ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល នឹងពង្រឹងកម្លាំងសេវាសង្គម ដោយរៀបចំធ្វើវិជ្ជាជីវៈនីយកម្មជាលក្ខណៈជាតិ និងមានបទដ្ឋានរួមសម្រាប់វិជ្ជាជីវៈសង្គមកិច្ច ដើម្បីបង្កើនចំនួនកម្លាំងសេវាសង្គមឲ្យសមស្របតាមសមាមាត្រក្នុងតំបន់អាស៊ាន ដែលកម្លាំងសេវាសង្គមម្នាក់ គឺសម្រាប់ប្រជាជន ៣ ៥០០នាក់។
សម្តេចធិបតីជឿជាក់ថា ទិវាសង្គមកិច្ចឆ្នាំនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់រាជរដ្ឋាភិបាល និងដៃគូទាំងអស់ ក្នុងការពង្រឹងសហប្រតិបត្តិការ និងសាមគ្គីភាព សំដៅកសាងសង្គមមួយឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ជាពិសេស លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕
ដោយ វណ្ណលុក
