តេហេរ៉ង់ ៖ អ៊ីរ៉ង់បានប្តូរចិត្តអនុញ្ញាតឲ្យនាវាកាន់តែច្រើនធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើងវិញ ខណៈកន្លងមក អ៊ីរ៉ង់តែងតែព្រមានបាញ់កម្ទេចនាវាទាំងអស់ឲ្យតែហ៊ានបើកឆ្លងកាត់ច្រកសមុទ្រមួយនេះ ដើម្បីសងសឹកនឹងការវាយប្រហារស្រាក់ដៃគ្នារបស់អាមេរិក និងអ៊ីស្រាអែល ។
ការបន្ទន់ឥរិយាបទរបស់អ៊ីរ៉ង់កើតមានឡើង ចំពេលដែលកម្លាំងយោធារបស់ទីក្រុងវ៉ាស៊ីងតោន ដែលកំពុងឈរជើងយ៉ាងសម្បើមក្នុងតំបន់នេះ មិនរំខានដល់ការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ ដែលមានចំនួនរាប់លានបារ៉ែល ជាប្រចាំថ្ងៃ ។
ជាក់ស្ដែង ក្រោយការប្រកាសនេះ ទីភ្នាក់ងារតាមដានកប៉ាល់ MarineTraffic បានកត់ត្រា ពីការឆ្លងកាត់ របស់កប៉ាល់ចំនួន ៩ គ្រឿង កាលពីថ្ងៃចន្ទ និងថ្ងៃអាទិត្យ ខណៈបើធៀបនឹង ២ ថ្ងៃមុន គឺមានតែ ៥ គ្រឿងប៉ុណ្ណោះ ។
លោកស្រី Michelle Wiese Bockmann អ្នកវិភាគ ប្រចាំនៅក្រុមហ៊ុន Windward និយាយថា ទីក្រុង តេហេរ៉ង់ អនុញ្ញាតឱ្យ ឆ្លងកាត់ សម្រាប់ប្រទេស ជាមិត្ត ដូចជា ចិន និង ឥណ្ឌា និងប្រទេសផ្សេងៗទៀត ប៉ុន្តែ កប៉ាល់ដែលជាប់ពាក់ព័ន្ធនឹងលោកខាងលិច នឹងមិនហ៊ានចូលក្នុងដែនទឹកមួយនេះ នោះទេ។
ជាមួយគ្នានេះ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏បានអះអាង កាលពីថ្ងៃចន្ទផងដែរថា ច្រកសមុទ្រ Hormuz នឹងបើកចំហ ប៉ុន្តែ រក្សាការបិទ មិនឲ្យសត្រូវ បើកឆ្លងកាត់ ជាដាច់ខាត។
បើតាម Aljazeera , ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាធម្មតា ផ្ទុកប្រហែល មួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងពិភពលោក បានធ្លាក់ចុះជាង ៩៥ ភាគរយ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម។
ទន្ទឹមនោះ ជម្លោះដែលកំពុងកើតឡើង នៅតំបន់មជ្ឈឹមបូព៌ា ក៏បានបង្អាក់ការផ្គត់ផ្គង់ និង បានធ្វើឲ្យតម្លៃប្រេងសាំងឡើងថ្លៃ ពីជាង ៧០ ដុល្លារ ទៅ ជាង ១០០ដុល្លារ ក្នុងមួយបារ៉ែល ផងដែរ ។ ជាមួយគ្នានេះ អ៊ីរ៉ង់ ធ្លាប់ព្រមានថា នឹងធ្វើតម្លៃប្រេងឆៅ កើនឡើងដល់ តម្លៃ ២០០ ដុល្លារ ក្នុងមួយបារ៉ែល ប្រសិនបើអាមេរិកនៅតែវាយប្រហារមកលើខ្លួន ៕
ប្រភពពី Aljazeera ប្រែសម្រួល ៖ សារ៉ាត