តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសលោក ។

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសលោក ។
ការថ្កោលទោសនេះ ធ្វើឡើងតាមរយៈបណ្តាញសង្គម X កាលពីថ្ងៃពុធ បន្ទាប់ពីសម្ព័ន្ធមិត្តស្លាប់រស់ទាំងពីរ បានរួមដៃគ្នាវាយលុកតាមអាកាសលើទីតាំងផលិតឧស្ម័នធម្មជាតិ នៃវាលឧស្ម័ន South Pars ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ ។
បើតាមស៊ីនហួរ, លោកប្រធានាធិបតី Pezeshkian និយាយថា សកម្មភាពឈ្លានពានដ៏គឃ្លើនបែបនេះ នឹងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងធ្លាក់ដុនដាបថែមមួយកម្រិតទៀត ។
លោកថា វាក៏នឹងបង្កឲ្យមានផលវិបាក ដែលមិនអាចគ្រប់គ្រងបាន ជាពិសេសវិសាលភាពរបស់វាក៏នឹងអាចលេបត្របាក់ពិភពលោកទាំងមូលផងដែរ ។
សូមរម្លឹកថា អ៊ីស្រាអែល និងអាមេរិក បានប្រកៀកស្មាគ្នាវាយប្រហារទីក្រុងជាច្រើនទូទាំងប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលជាច្រើន ។
អ៊ីរ៉ង់ បានសងសឹកដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនពិឃាតជាបន្តបន្ទាប់ ដោយកំណត់គោលដៅលើមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិយោធារបស់អ៊ីស្រាអែល និងមេរិកនៅមជ្ឈិមបូព៌ា ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

