វ៉ាស៊ីនតោន ៖ អាមេរិក បានអះអាង កាលពីថ្ងៃសៅរ៍ ថា ខ្លួនបានចាប់ផ្តើមបញ្ចេញស្តុកប្រេង ៤២លាន៥សែនធុងបារ៉ែល ក្នុងចំណោមការសន្យា ពីមុនសរុប ចំនួន ១៧២លានបារ៉ែល។

វ៉ាស៊ីនតោន ៖ អាមេរិក បានអះអាង កាលពីថ្ងៃសៅរ៍ ថា ខ្លួនបានចាប់ផ្តើមបញ្ចេញស្តុកប្រេង ៤២លាន៥សែនធុងបារ៉ែល ក្នុងចំណោមការសន្យា ពីមុនសរុប ចំនួន ១៧២លានបារ៉ែល។
សហរដ្ឋអាមេរិក បានបែងចែកប្រេងឆៅទាំងនេះ ចេញពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន ទៅឱ្យក្រុមហ៊ុនប្រេងនានា តាំងពីថ្ងៃសុក្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះ នៅលើគេហទំព័រ របស់ក្រសួងថាមពលសហរដ្ឋអាមេរិក។
ឯកសារនេះ បញ្ជាក់ថា តាមរយៈការបញ្ចេញ ដំណាក់កាលដំបូងនេះ ក្រសួងរំពឹងថា ក្រុមហ៊ុននានា ដែលទទួលបានប្រេង ពីទុនបម្រុងយុទ្ធសាស្ត្រ នឹងបំពេញស្តុក ឡើងវិញ ឲ្យបានគ្រប់ ៥៥លានធុងបារ៉ែល។
បើតាម Tass , កាលពីថ្ងៃទី១២ ខែមីនា ក្រសួងថាមពលអាមេរិក បានប្រកាសថា រដ្ឋបាលសហរដ្ឋអាមេរិក នឹងបញ្ចេញធុងប្រេង សរុបចំនួន ១៧២លានធុងបារ៉ែល ចេញពីទុនបម្រុងជាតិជាយុទ្ធសាស្ត្រ ក្នុងរយៈពេល ១២០ ថ្ងៃ។
ការបញ្ចេញប្រេង អន្តរាគមន៍ ក្នុងក្របខណ្ឌទីភ្នាក់ងារថាមពលអន្តរជាតិ ដែលអាមេរិក ជាសមាជិកផងដែរនោះ បានធ្វើឡើង បន្ទាប់ពីតម្លៃប្រេងហក់ឡើង ដល់តម្លៃ ជាង១០០លានដុល្លារ ក្នុង១ធុងបារ៉ែល ខណៈដែល អ៊ីរ៉ង់ គំរាមថា នឹងធ្វើឲ្យឡើងថ្លៃដល់ ២០០ដុល្លារ តាមរយៈការវាយប្រហារលើនាវា នៅច្រកសមុទ្រ ហ័រមូស ជាការសងសឹក នឹងអាមេរិក និងអ៊ីស្រាអែល ដែលបានព្រួតដៃគ្នា ផ្តើមវាយប្រហារ មកលើខ្លួន កាលពីថ្ងៃទី២៨ ខែកុម្ភៈ បង្កជាសង្គ្រាម ពាសពេញតំបន់មជ្ឈិមបូព៌ា រហូតមកដល់បច្ចុប្បន្ន៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត
