ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Netanyahu បានអំពាវនាវឲ្យមេដឹកនាំពិភពលោក ចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Netanyahu បានអំពាវនាវឲ្យមេដឹកនាំពិភពលោក ចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។
ក្នុងពេលចុះទៅមើលទីតាំង ដែលរងការវាយប្រហាររបស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មានប្រសាសន៍ថា «ដល់ពេលហើយ ដើម្បីមើលមេដឹកនាំនៃប្រទេសផ្សេងទៀតចូលរួម»។
លោក Netanyahu បានបន្តដោយប្តេជ្ញា តាមកំចាត់ក្រុម IRGC ជាក្រុមដែល លោក ហៅថា ជាឧក្រិដ្ឋជន។ លោក រៀបរាប់ថា «យើងនឹងតាមរកអ្នកដឹកនាំ ទ្រព្យសម្បត្តិសេដ្ឋកិច្ច របស់ពួកគេ យើងនឹងតាមដាន ដោយផ្ទាល់»។
ទីក្រុង Dimona បានរងការវាយប្រហារ ដោយកាំជ្រួចរបស់អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ដែលត្រូវបានគេជឿថា ជាកន្លែងផ្ទុកអាវុធនុយក្លេអ៊ែរ ដែលមិនបានប្រកាស របស់អ៊ីស្រាអែល។
ដោយស្ថិតនៅវាលខ្សាច់ Negev , តំបន់មួយនេះ បានទទួលរងការខូចខាតយ៉ាងខ្លាំង ពីការវាយប្រហារ។ ពេលទៅដល់ទីនោះ លោក Netanyahu ក៏បានជំរុញឱ្យអ្នកស្រុក គោរពតាមការណែនាំពីទីបញ្ជាការជួរមុខ Home Front របស់យោធា ហើយត្រូវជ្រកកោនជាបន្ទាន់ រាល់ពេលដែលស៊ីរ៉ែន ព្រមានពីមីស៊ីលចូលមក។
លោក Benjamin Netanyahu បញ្ជាក់ថា «ប្រទេសទាំងមូលគឺជាជួរមុខ មុខផ្ទះទាំងមូល គឺជាជួរមុខ»៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

