តៃប៉ិ ៖ តៃវ៉ាន់ រំពឹងថា ខ្លួននឹងមានយន្តហោះចម្បាំងកើនដល់ ២០០ គ្រឿង ស្របពេលដែលអាមេរិកចាប់ផ្តើមដឹកជញ្ជូនបន្ថែមនូវយន្តហោះចម្បាំង F-16V ដែលបានពន្យារពេល មកឱ្យកោះនេះក្នុងឆ្នាំ ២០២៦ ។

តៃប៉ិ ៖ តៃវ៉ាន់ រំពឹងថា ខ្លួននឹងមានយន្តហោះចម្បាំងកើនដល់ ២០០ គ្រឿង ស្របពេលដែលអាមេរិកចាប់ផ្តើមដឹកជញ្ជូនបន្ថែមនូវយន្តហោះចម្បាំង F-16V ដែលបានពន្យារពេល មកឱ្យកោះនេះក្នុងឆ្នាំ ២០២៦ ។
ការរំពឹងទុកនេះ កើតឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់តៃវ៉ាន់ អមដំណើរដោយអនុប្រធានបុគ្គលិកទ័ពអាកាស បានហោះទៅទស្សនកិច្ចខ្សែច្រវាក់ដំឡើងយន្តហោះចម្បាំង F-16V របស់ក្រុមហ៊ុន Lockheed Martin ក្នុងរដ្ឋ South Carolina កាលពីថ្ងៃ ចន្ទ សប្តាហ៍មុន ដើម្បីពិនិត្យមើលយន្តហោះដំឡើងជិតរួចរាល់ ហើយគ្រោងនឹងចាប់ផ្តើមចែកចាយនៅឆ្នាំនេះ ។
បើតាម CNA ចេញផ្សាយថ្ងៃទី២២ ខែមីនា, អាមេរិកបានអនុម័តការលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ ៨ ពាន់លានដុល្លារដល់តៃវ៉ាន់ កាលពីឆ្នាំ ២០១៩ ។ ក្រោមកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យចំនួនយន្តហោះ F-16 របស់កោះនេះ កើនឡើងដល់ជាង ២០០ គ្រឿង ប៉ុន្តែគម្រោងនេះបានរងផលប៉ះពាល់ដោយសារបញ្ហានានា រួមទាំងបញ្ហាកម្មវិធីសូហ្វវែរ ។
យ៉ាងណា ក្រុមហ៊ុន Lockheed Martin បានចាត់តាំងបុគ្គលិករាប់រយនាក់ សម្រុកដំឡើងយន្តហោះ F-16 ដែលនៅសេសសល់ ហើយបានបញ្ជាក់ថា មិនមានការរាំងស្ទះទៀតទេ មិនថាទាំងក្នុងផ្នែកផ្គត់ផ្គង់គ្រឿងបន្លាស់ ឬកម្លាំងពលកម្ម ខណៈដែលការផលិតកំពុងដំណើរការក្នុងសមត្ថភាពពេញលេញ ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ ដែលប្រឈមមុខនឹងសម្ពាធយោធាកាន់តែខ្លាំងឡើងពីប្រទេសចិន បានត្អូញត្អែរអំពីភាពយឺតយ៉ាវដដែលៗ ក្នុងការបញ្ជូនអាវុធដែលខ្លួនបានបញ្ជាទិញពីអាមេរិក ដែលជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតសម្រាប់តៃវ៉ាន់ ជាកោះតូចមួយដែលទីក្រុងប៉េកាំងអះអាងសិទ្ធិថា គ្រាន់តែជាផ្នែកមួយនៃទឹកដីរបស់ខ្លួនប៉ុណ្ណោះ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា




