បារីស ៖ ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃ អាទិត្យ បានចេញមុខជំរុញឱ្យភាគីជម្លោះនានា បញ្ឈប់ជាបន្ទាន់នូវការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល ស្របពេលដែលភ្លើងសង្គ្រាមមជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោល ។

បារីស ៖ ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃ អាទិត្យ បានចេញមុខជំរុញឱ្យភាគីជម្លោះនានា បញ្ឈប់ជាបន្ទាន់នូវការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល ស្របពេលដែលភ្លើងសង្គ្រាមមជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោល ។
ការអំពាវនាវរបស់លោក ម៉ាក្រុង ធ្វើឡើងតាមរយៈសារបង្ហោះលើបណ្តាញសង្គម X បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់រាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ អាល់សូដ ។
បើតាមស៊ីនហួរ, ប្រធានាធិបតីបារាំងរូបនេះ បានគូសបញ្ជាក់ថា យោងតាមហានិភ័យដែលកំពុងកើនឡើង និងមិនអាចគ្រប់គ្រងបាន ដូច្នេះវាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ សម្រាប់ភាគីពាក់ព័ន្ធក្នុងជម្លោះ ត្រូវតែបញ្ឈប់វាយប្រហារនានា ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល ។

លោក ម៉ាក្រុង ដែលមានវ័យ៤៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា ឥឡូវនេះ គឺជាពេលវេលា សម្រាប់ការទទួលខុសត្រូវ និងការអត់ធ្មត់ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការបន្តការចរចាការទូតឡើងវិញ ។
ការទទូចរបស់មេដឹកនាំបារាំងនេះដែរ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានគំរាមធ្ងន់ៗថា នឹងបញ្ជាឱ្យយោធាវាយប្រហារ និងបំផ្លាញរោងចក្រថាមពលអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ទាំងស្រុងក្នុងរយៈពេល ៤៨ ម៉ោងនោះទេ ។
ជាការឆ្លើយតប ភាគីអ៊ីរ៉ង់បានព្រមានកាលពីថ្ងៃ អាទិត្យ វិញថា រោងចក្រថាមពលនៅក្នុងប្រទេសដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នឹងត្រូវបានចាត់ទុកជាគោលដៅស្របច្បាប់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនហ៊ានវាយប្រហាររោងចក្រថាមពលរបស់ខ្លួន ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

