ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Starmer បានប្រកាសស្វាគមន៍កិច្ចចរចា រវាងអាមេរិក និងអ៊ីរ៉ង់។

ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Starmer បានប្រកាសស្វាគមន៍កិច្ចចរចា រវាងអាមេរិក និងអ៊ីរ៉ង់។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ប្រាប់គណៈកម្មាធិការសភា កាលពីថ្ងៃចន្ទទី២៣ ខែមីនា ដោយបន្ថែមថា ចក្រភពអង់គ្លេសបានដឹងពីការពិភាក្សា កំពុងកើតឡើង។ លោករៀបរាប់ថា «ខ្ញុំស្វាគមន៍ការពិភាក្សា ដែលបានរាយការណ៍ រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់» ។ បើយោងតាមការិយាល័យ Downing Street, លោក Keir Starmer ក៏បាននិយាយតាមទូរស័ព្ទ ជាមួយលោក Donald Trump កាលពីល្ងាចថ្ងៃអាទិត្យ ផងដែរ ជុំវិញបញ្ហានេះ។
យ៉ាងណាមិញ បើតាម CNA, មន្ត្រីជាន់ខ្ពស់ អ៊ីរ៉ង់ បដិសេធថា ប្រទេសរបស់ខ្លួន មិនបានចរចា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោក Donald Trump ពន្យារពេល លើគម្រោងការវាយប្រហារ តំបន់រោងចក្រថាមពល របស់ខ្លួននោះឡើយ ដោយអះអាងថា អាមេរិក បង្កើតព័ត៌មានក្លែងក្លាយ។
កាលពីថ្ងៃចន្ទ លោក Trump បានប្រកាសថា លោកបានពន្យារពេលគម្រាម វាយប្រហារបណ្តាញថាមពលរបស់អ៊ីរ៉ង់ ៥ថ្ងៃ ដោយសារតែ មានកិច្ចពិភាក្សា ប្រកបដោយផលិតភាព រវាងក្រុមបេសកជន របស់លោក ជាមួយនឹងមន្ត្រីអ៊ីរ៉ង់ ដែលមិនស្គាល់អត្តសញ្ញាណ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

