សិង្ហបុរី ៖ មេដឹកនាំសិង្ហបុរី និងអូស្រ្តាលី នៅថ្ងៃ ចន្ទ នេះ បានប្តេជ្ញាថា នឹងរួមគ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងធានាស្ថិរភាពពាណិជ្ជកម្មប្រេង ជាពិសេសមុខទំនិញយុទ្ធសាស្រ្តសំខាន់ៗ រួមមានប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិរាវ (LNG) ក៏ដូចជាពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសទាំងពីរ ។
ការសន្យារនេះ ធ្វើឡើងស្របពេលដែលភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយប្រហារលើអ៊ីរ៉ង់ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងរដ្ឋឈូងសមុទ្រ រួមមានកាតា ដែលជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ដ៏សំខាន់ ។
ជាការឆ្លើយតប អ៊ីរ៉ង់បានបិទមិនអនុញ្ញាតឱ្យនាវាដឹកទំនិញឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រដ៏តូចចង្អៀតរ៉ាប់រងការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ១ភាគ៥ របស់ពិភពលោក ។ ការរំខានទាំងនេះ ក៏បានបង្កការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើការផ្គត់ផ្គង់ថាមពលសកលផងដែរ ។
យោងតាមសេចក្តីថ្លែងការណ៍រួម, លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong និងលោកនាយករដ្ឋមន្រ្តីអូស្ត្រាលី Anthony Albanese បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ា និងផលវិបាកកើតចេញពីជម្លោះនេះ ប៉ះពាល់ដល់តំបន់របស់ពួកគេ រួមទាំងការរង្គោះរង្គើដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល និងតម្លៃ ។
ក្រោយបញ្ចប់ការជជែកគ្នាតាមទូរស័ព្ទក្នុងថ្ងៃ ចន្ទ នេះ មេដឹកនាំទាំងពីរបានយល់ស្របថា នៅក្នុងបរិបទនេះ សិង្ហបុរី-អូស្រ្តាលីត្រូវតែប្តេជ្ញារួមគ្នាពង្រឹងសន្តិសុខថាមពល ដើម្បីគាំទ្រដល់លំហូរទំនិញសំខាន់ៗ រួមទាំងប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិរាវ (LNG) រវាងប្រទេសយើងទាំងពីរ ។
បើតាម CNA, អូស្ត្រាលី គឺជាប្រទេសផលិតឧស្ម័នធម្មជាតិរាវ (LNG) កំពូលមួយរបស់ពិភពលោក រួមទាំងកាតា សហរដ្ឋអាមេរិក និងរុស្ស៊ី ។ រីឯសិង្ហបុរី គឺជាអតិថិជនដ៏សំខាន់មួយ ដោយអគ្គិសនី ៩៥ភាគរយរបស់ប្រទេសនេះ ត្រូវបានបង្កើតឡើងពីការប្រើប្រាស់ឧស្ម័នធម្មជាតិនាំចូល ដែលរួមមានឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័ននាំចូលតាមរយៈបំពង់បង្ហូរប្រេងពីប្រទេសជិតខាង ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា