ព្រុចសែល ៖ ប្រមុខអង្គការណាតូបានបង្ហើបឱ្យដឹងថា ប្រទេសចំនួន ២២ រួមមានទាំងរដ្ឋសមាជិកណាតូ បានយល់ព្រមជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងផ្តល់ការធានាសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រនេះដោយសេរី ។ នេះបើតាម Wall Street Journal ចេញផ្សាយថ្ងៃ អាទិត្យ ។
លោកអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Mark Rutte នៅថ្ងៃ អាទិត្យ និយាយថា ប្រទេសចំនួន ២២ រួមមានទាំងសមាជិកអង្គការណាតូ និងសម្ព័ន្ធមិត្តអាស៊ី ដូចជាកូរ៉េខាងត្បូង និងជប៉ុន កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកឡើងវិញនូវការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរី ។
លោក Rutte បានលើកឡើងថា ប្រទេសចំនួន ២២ ភាគច្រើនមកពីសម្ព័ន្ធយោធាណាតូ ប៉ុន្តែក៏មានជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ រហូតដល់ប្រទេសអារ៉ាប់រួម និងបារ៉ែន កំពុងធ្វើការរួមគ្នា ដើម្បីអនុវត្តតាមយុទ្ធសាស្រ្តរបស់លោកប្រធានាធិបតី Trump នៅក្នុងការធានាថា ច្រកសមុទ្រ Hormuz មានសេរីភាព ហើយនឹងបើកឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
បើតាម korea herald, ការអត្ថាធិប្បាយរបស់លោក Rutte ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានរិះគន់ធ្ងន់ៗមិនសំចៃមាត់ ថាណាតូអសកម្ម ចំពោះការចូលរួមទប់ស្កាត់អ៊ីរ៉ង់ កុំឱ្យផលិតបានអាវុធនុយក្លេអ៊ែរ ហើយថា បើគ្មានសហរដ្ឋអាមេរិកទេ ណាតូ គឺជាខ្លាក្រដាសប៉ុណ្ណោះ ។
យោងតាម Straits Times, ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ដែលដុតបញ្ឆេះឡើងពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ បានឈានចូលដល់សប្តាហ៍ទី៤ហើយ ហើយក៏មិនទាន់ស្វែងរកច្រកចេញនៅឡើយដែរ ។
ក្រៅពីមានមនុស្សស្លាប់ និងរបួស សង្គ្រាមដ៏អាក្រក់នេះក៏កំពុងអង្រួនតំបន់ប្រេងនៅមជ្ឈិមបូព៌ាផងដែរ ដោយធ្វើឱ្យវិស័យថាមពលសកលរង្គោះរង្គើរ ប៉ះពាល់ដល់ជីវភាពប្រជាជនទូទាំងពិភពលោក ៕
ប្រភព ៖ Wall Street Journal korea herald និង Straits Times ប្រែសម្រួល ៖ ឈឹម ទីណា