ប៊ែរឡាំង ៖ ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រែង-វ៉ាល់ធ័រ ស្តែនម៉ៃយេ បានចេញមុខរិះគន់មិនសំចៃមាត់ ដោយសំដៅលើសម្ព័ន្ធមិត្តសហរដ្ឋអាមេរិករបស់ខ្លួនថា សង្គ្រាមអ៊ីរ៉ង់ គឺជា «កំហុសដ៏មហន្តរាយ» ដែលរំលោភលើច្បាប់អន្តរជាតិ ។

ប៊ែរឡាំង ៖ ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រែង-វ៉ាល់ធ័រ ស្តែនម៉ៃយេ បានចេញមុខរិះគន់មិនសំចៃមាត់ ដោយសំដៅលើសម្ព័ន្ធមិត្តសហរដ្ឋអាមេរិករបស់ខ្លួនថា សង្គ្រាមអ៊ីរ៉ង់ គឺជា «កំហុសដ៏មហន្តរាយ» ដែលរំលោភលើច្បាប់អន្តរជាតិ ។
នេះគឺជាការរិះគន់ធ្ងន់ៗលើកដំបូងបំផុតរបស់ប្រធានាធិបតីអាល្លឺម៉ង់រូបនេះ ដែលហ៊ានប្រកាសស្តីបន្ទោសដោយត្រង់ ចំពោះគោលនយោបាយការបរទេសរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការប្រកៀកស្មារគ្នាជាមួយអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់ បង្កជាភ្លើងសង្គ្រាមឆាបឆេះរាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា ។
ប្រមុខរដ្ឋអាល្លឺម៉ង់រូបនេះ បានសង្កត់ធ្ងន់ថា គោលនយោបាយការបរទេសរបស់យើង លែងគួរឱ្យជឿជាក់ទៀតហើយ ដោយសារតែយើងមិនហៅសង្គ្រាមនេះថា ជាការរំលោភច្បាប់អន្តរជាតិ ។ យើងធ្លាប់បានជួបប្រទះបញ្ហានេះរួចហើយនៅក្នុងសង្គ្រាមហ្គាហ្សា ហើយឥឡូវនេះ យើងក៏ត្រូវតែប្រឈមមុខនឹងវាទៀត នោះគឺសង្គ្រាមអ៊ីរ៉ង់ ។
លោក ស្តែនម៉ៃយេ និយាយថា អាល្លឺម៉ង់ត្រូវតែចូលរួមដោះស្រាយបញ្ហាទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់ ពីព្រោះ បើតាមទស្សនៈរបស់លោក សង្គ្រាមនេះ គឺផ្ទុយនឹងច្បាប់អន្តរជាតិ ។
ដោយហៅសង្គ្រាមនេះថាជារឿងមិនចាំបាច់ និងជាកំហុសដ៏មហន្តរាយខាងនយោបាយ ប្រធានាធិបតីអាល្លឺម៉ង់រូបនេះ បានសង្កត់ធ្ងន់ថា អាណត្តិទីពីររបស់លោក ត្រាំ បានគាស់រំលើងពីការបែកបាក់នៅក្នុងទំនាក់ទំនងការបរទេសរបស់អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកយ៉ាងជ្រាលជ្រៅ ដូចជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ៕
ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
