បរទេស ៖ ប្រទេសចិនបានប្រាប់អ៊ីរ៉ង់ឲ្យរូតរះចាប់យកឱកាសចរចាបើកបង្អួចសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាឡើងវិញ ដោយលើកហេតុផលថា ការជជែកគ្នាតែងតែជាជម្រើសល្អជាងការប្រយុទ្ធបង្ហូរឈាម ។

បរទេស ៖ ប្រទេសចិនបានប្រាប់អ៊ីរ៉ង់ឲ្យរូតរះចាប់យកឱកាសចរចាបើកបង្អួចសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាឡើងវិញ ដោយលើកហេតុផលថា ការជជែកគ្នាតែងតែជាជម្រើសល្អជាងការប្រយុទ្ធបង្ហូរឈាម ។
បើតាម CNA, ការទទូចរបស់ចិនធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបដិសេធការចរចាជាមួយអាមេរិក ក្នុងនោះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បញ្ជាក់ថា មិនមានការចរចា កើតឡើងនោះទេ ហើយថែមទាំងចោទប្រកាន់ លោក Donald Trump ប្រធានាធិបតីអាមេរិក ថា កំពុងធ្វើលេសចង់ចរចា ដើម្បីកេងចំណេញទីផ្សារហិរញ្ញវត្ថុ និងប្រេងតែប៉ុណ្ណោះ ។
លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានប្រាប់ទៅកាន់សមភាគីអ៊ីរ៉ង់លោក Abbas Araghchi កាលពីថ្ងៃទី២៤ ខែមីនាថា ទីក្រុងប៉េកាំងសង្ឃឹមជឿជាក់ លើភាគីពាក់ព័ន្ធទាំងអស់ អាចចាប់យកគ្រប់ឱកាស បើកបង្អួចសម្រាប់សន្តិភាព ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និយាយថា ភាគីអ៊ីរ៉ង់ប្តេជ្ញាចិត្តនឹងសម្រេចបាន នូវការបញ្ចប់ជម្លោះ ដ៏ទូលំទូលាយ មិនមែនគ្រាន់តែជាបទឈប់បាញ់ បណ្តោះអាសន្ននោះទេ ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងអំណរគុណ ដល់ប្រទេសចិន សម្រាប់ជំនួយមនុស្សធម៌ ជួយដល់ អ៊ីរ៉ង់ផងដែរ ។
ចិនគឺជាដៃគូដ៏សំខាន់ របស់អ៊ីរ៉ង់ ប៉ុន្តែទីក្រុងប៉េកាំងតែងតែនិយាយថា ខ្លួន មិនគាំទ្រការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ ទៅលើរដ្ឋឈូងសមុទ្រ ដែលមានមូលដ្ឋានទ័ពអាមេរិកនោះទេ ហើយចិនតែងតែជំរុញឲ្យមានបទឈប់បាញ់ពេញលេញផងដែរ ៕
ប្រភព CNA ប្រែសម្រួល ៖ សារ៉ាត
