ម៉ានីល ៖ ហ្វីលីពីន ទទួលបានការផ្គត់ផ្គង់ប្រេងរុស្ស៊ី ដែលអាមេរិកដកទណ្ឌកម្ម កាលពីថ្ងៃអង្គារ ពោលគឺ បន្ទាប់ពីមានការចរចា រវាងរដ្ឋាភិបាលទីក្រុងម៉ានីល, អន្តរការីឯកជនរបស់ខ្លួន និង អ្នកផ្គត់ផ្គង់រុស្ស៊ី។

ម៉ានីល ៖ ហ្វីលីពីន ទទួលបានការផ្គត់ផ្គង់ប្រេងរុស្ស៊ី ដែលអាមេរិកដកទណ្ឌកម្ម កាលពីថ្ងៃអង្គារ ពោលគឺ បន្ទាប់ពីមានការចរចា រវាងរដ្ឋាភិបាលទីក្រុងម៉ានីល, អន្តរការីឯកជនរបស់ខ្លួន និង អ្នកផ្គត់ផ្គង់រុស្ស៊ី។
បើតាម MSN, ការចរចាទិញប្រេងឆៅ ពី រុស្ស៊ី លើកដំបូង ក្នុងរយៈពេល ៥ ឆ្នាំ នាពេលនេះ បានកើតមានឡើង ចំពេលដែល អាមេរិក បានចេញការដកទណ្ឌកម្ម លើប្រេងរុស្ស៊ី ដើម្បីបើកដៃឲ្យប្រទេសផ្សេងៗអាចទិញបាន រយៈពេល៣០ថ្ងៃ ដោយត្រូវផុតកំណត់ នៅត្រឹមថ្ងៃទី១១ ខែមេសា។
របាយការណ៍ជាច្រើន ដែលដកស្រង់ ពីក្រុមហ៊ុនវិភាគ ដូចជា LSEG, Kpler និង OilX លើទិន្នន័យដឹកជញ្ជូន បានចង្អុលទៅកប៉ាល់ដឹកប្រេងឆៅ ESPO ចំនួន ១០ម៉ឺនតោន ចាកចេញពីកំពង់ផែ Kozmino របស់រុស្ស៊ី ត្រូវបានភ្ជាប់ទៅនឹងរោងចក្រចម្រាញ់ប្រេង Petron នៅខេត្ត Bataan របស់ប្រទេសហ្វីលីពីន។ រីឯ អ្នកតាមដាន ការដឹកជញ្ជូន តាមសមុទ្រ បានចុះបញ្ជីកប៉ាល់ ដែលមានទង់ជាតិប្រទេសសៀរ៉ាឡេអូន Sara Sky ដឹកប្រេង បានទៅដល់ ខេត្តBataan កាលពីវេលាម៉ោង ២រសៀល ថ្ងៃអង្គារ ទី២៤ ខែមីនា។
លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលពីន នៅថ្ងៃពុធនេះ បានប្រកាសភាពអាសន្នថាមពលជាតិ តាមរយៈបទបញ្ជាប្រតិបត្តិ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល ឆ្លើយតបបានលឿនជាងមុន ដើម្បីផ្គត់ផ្គង់ ចំពេលប្រឈមនឹងបញ្ហាកង្វះប្រេងផ្គត់ផ្គង់ ព្រោះសង្គ្រាមអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
រដ្ឋមន្ត្រីថាមពលហ្វីលីពីន លោកស្រី Sharon Garin បាននិយាយថា រដ្ឋាភិបាលទីក្រុងម៉ានីល កំពុងស្វែងរកជម្រើសទាំងអស់ ក្នុងនោះ ក្រៅពីរុស្ស៊ី ហ្វីលីពីនក៏កំពុងពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ នៅប្រទេសថៃ ជប៉ុន និង សិង្ហបុរី ផងដែរ៕
ប្រភពពី MSN ប្រែសម្រួល ៖ សារ៉ាត

