វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសថា លោកនឹងទៅជួបចរចា ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅក្នុងទីក្រុងប៉េកាំង នាថ្ងៃទី ១៤ និង ១៥ ខែឧសភា ពោលគឺបន្ទាប់ពីបានពន្យារពេល ការធ្វើដំណើរទស្សនកិច្ច ចំពេលដែលមានសង្រ្គាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងប្រទេសអ៊ីរ៉ង់។
លោក ត្រាំ បានសរសេរ នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ ថា លោកក៏គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ទទួលលោក ស៊ី ជីនភីង នៅទីក្រុង Washington DC វិញផងដែរ នៅចុងឆ្នាំនេះ ហើយក្រុមមន្ត្រីកំពុង រៀបចំបញ្ចប់ សម្រាប់ដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្រ ទាំងពីរនេះ។
លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ផងដែរថា នាពេលកន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានយោគយល់ និង ទទួលយកសំណើ សុំពន្យារពេលដំណើរទស្សនកិច្ច។ លោក ស៊ី ជីនភីង ទទួលស្គាលថា វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់លោក ដូណាល់ ត្រាំ ក្នុងការចាំបាច់ មានវត្តមាន នៅអាមេរិក អំឡុងពេលធ្វើប្រតិបត្តិការយោធា។
យ៉ាងណា ទីក្រុងប៉េកាំង មិនបានឆ្លើយតបទៅនឹងកាលបរិច្ឆេទ ស្របតាមអ្វីដែល ភាគីអាមេរិក អះអាងនោះទេ។ ប៉ុន្តែ ក្រសួងការបរទេសចិន បាននិយាយ កាលពីដើមខែនេះថា ខ្លួនកំពុងពិភាក្សា ជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញពេលវេលា នៃ ដំណើរទស្សនកិច្ច របស់លោក ត្រាំ។
បើតាម BBC, នេះគឺជាដំណើរទស្សនកិច្ច លើកដំបូង ទៅកាន់ប្រទេសចិន របស់ប្រធានាធិបតីអាមេរិក ក្នុងរយៈពេលជិត ១០ឆ្នាំ។
ដំណើរទស្សនកិច្ច ដែលដើមឡើយ គ្រោងធ្វើ នៅថ្ងៃទី ៣១ ខែមីនា ត្រូវបានពន្យារពេល បន្ទាប់ពីអាមេរិក និង អ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំ លើអ៊ីរ៉ង់ កាលពីខែមុន ដោយបានសម្លាប់មេដឹកនាំកំពូល របស់ប្រទេសនេះ។
ជាការឆ្លើយតប អ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែល និង បណ្តារដ្ឋសម្ព័ន្ធមិត្ត របស់អាមេរិក នៅឈូងសមុទ្រពែក ហើយ បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់ដឹកញ្ជូនប្រេង និង ឧស្ម័នធម្មជាតិរាវ របស់ពិភពលោក ជាហេតុនាំឱ្យមានវិបត្តិប្រេងឥន្ធនៈជាសកល រហូតមកដល់ពេលបច្ចុប្បន្ននេះ៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត