គូឡាឡាំពួរ ៖ ម៉ាឡេស៊ី នៅថ្ងៃ ព្រហស្បតិ៍ និយាយថា អ៊ីរ៉ង់បានបើកភ្លើងបៃតងអនុញ្ញាតឱ្យនាវារបស់ម៉ាឡេស៊ី អាចឆ្លងកាត់ច្រកសមុទ្រ Hormuz បានដោយសេរី ក្រោយមានរបាយការណ៍ថា ទីក្រុងតេហេរ៉ង់ នឹងយកកម្រៃចំនួន ២ លានដុល្លារក្នុងនាវាមួយគ្រឿង ប្រសិនបើចង់ឆ្លងកាត់ច្រកសមុទ្រនេះ ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើកិច្ចពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ង់ អេហ្ស៊ីប តួកគី និងប្រទេសក្នុងតំបន់ផ្សេងទៀត ពាក់ព័ន្ធនឹងបញ្ហាច្រកសមុទ្រ Hormuz រួមទាំងការសម្របសម្រួលឲ្យមានការចរចាសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ។
បើតាម Straits Times, លោក អាន់វ៉ា មានវ័យ៧៩ឆ្នាំរូបនេះ បានថ្លែងអរគុណដល់លោកប្រធានាធិបតីអ៊ីរ៉ង់ ចំពោះការលើកលែងដល់នាវាម៉ាឡេស៊ី ហើយថា ពេលនេះ នាវាដឹកប្រេង និងកម្មកររបស់ម៉ាឡេស៊ី អាចបន្តដំណើររបស់ពួកគេត្រឡប់ទៅផ្ទះសម្បែងវិញ ។
លោកនាយករដ្ឋមន្រ្តី អាន់វ៉ា បន្ថែមថា ឥឡូវនេះ យើងត្រូវប្រឹងគ្រប់គ្រងស្ថានការណ៍ ពីព្រោះផលប៉ះពាល់នៃការបិទផ្លូវនៅច្រកសមុទ្រ Hormuz សង្គ្រាម និងការផ្អាកការផ្គត់ផ្គង់ប្រេង និងឧស្ម័ន សុទ្ធតែមានផលប៉ះពាល់មកលើពួកយើងទាំងអស់គ្នា។
បើតាមមេដឹកនាំម៉ាឡេស៊ីរូបនេះ, វាមិនងាយស្រួលឡើយចំពោះការចរចាបញ្ចប់ជម្លោះ ពីព្រោះអ៊ីរ៉ង់មានអារម្មណ៍ថា ខ្លួនត្រូវបានគេបោកបញ្ឆោតម្តងហើយម្តងទៀត ហើយយល់ថា វាពិបាកក្នុងការទទួលយកជំហានឆ្ពោះទៅរកសន្តិភាព ដោយគ្មានការធានាសន្តិសុខច្បាស់លាស់ និងមានចំណងផ្លូវច្បាប់ សម្រាប់ប្រទេសរបស់ពួកគេ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា