មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានធ្ងន់ៗថា ផលវិបាកនៃភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលដុតបញ្ឆេះដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយប្រហារលើអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា អាចនឹងមានសភាពធ្ងន់ធ្ងរដូចករណីឆ្លងរីករាលជាសកលនៃជំងឺ COVID-19 ។
បើតាម Times of Israel, លោក ពូទីន បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា សង្គ្រាមអ៊ីរ៉ង់ កំពុងបង្កការខូចខាតខ្លាំងដល់ភស្តុភារអន្តរជាតិ ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ ខណៈពេលមានការដាក់សម្ពាធខ្លាំងលើក្រុមហ៊ុនផលិតអ៊ីដ្រូកាបូន លោហធាតុ និងជីកសិកម្ម ។
ប្រធានាធិបតីរុស្ស៊ីមានវ័យ ៧៤ ឆ្នាំរូបនេះ បានប្រាប់ក្រុមមេដឹកនាំធុរកិច្ចនៅទីក្រុងមូស្គូ ថា ផលវិបាកនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា នៅពិបាកព្យាករឲ្យពិតប្រាកដ ប៉ុន្តែលោកថា សង្គ្រាមនេះ បានធ្វើឱ្យការអភិវឌ្ឍនៃគ្រប់តំបន់ និងទ្វីបទាំងអស់ ថយចុះយ៉ាងខ្លាំង ដោយគ្មានករណីលើកលែងឡើយ ។
យោងតាម Anadolu Agency, សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្តការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សយ៉ាងតិចជាង ១.៣៤០ នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ។
អ៊ីរ៉ង់បានសងសឹកវិញ តាមរយៈការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលដែលកំណត់គោលដៅលើមូលដ្ឋានយោធាអ៊ីស្រាអែល-អាមេរិក ដែលឈរជើងនៅប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសឈូងសមុទ្រ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ព្រមទាំងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងរំខានដល់ទីផ្សារថាមពលសកល និងវិស័យអាកាសចរណ៍ពិភពលោក ៕
ប្រភព ៖ Times of israel ប្រែសម្រួល ៖ ឈឹម ទីណា