ប៉ារីស ៖ សហរដ្ឋអាមេរិកត្រូវតែដាក់សម្ពាធលើរុស្ស៊ីឲ្យបញ្ឈប់ការជួយជ្រោមជ្រែមទៅដល់ប្រទេសអ៊ីរ៉ង់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចង់បញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ។ នេះជាការអះអាងរបស់លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 នៅប្រទេសបារាំង, លោកស្រី Kaja Kallas លើកឡើងថា រុស្ស៊ីកំពុងផ្តល់ជំនួយ ទាំងផ្នែកចារកម្ម និង យន្តហោះដ្រូនដល់ ប្រទេស អ៊ីរ៉ង់ ដើម្បីប្រើប្រាស់វាយប្រហារ លើបណ្តាប្រទេសជិតខាង និង មូលដ្ឋានយោធាអាមេរិក ។
លោកស្រីបញ្ជាក់ថា ប្រសិនបើអឺរ៉ុបរួមជាមួយនឹងអាមេរិក ដាក់សម្ពាធលើរុស្ស៊ី ព្រមគ្នានោះ វានឹងអាចបញ្ចប់សង្រ្គាម ទាំងនៅអ៊ីរ៉ង់ និងនៅអ៊ុយក្រែន ជាពិសេសវាថែមទាំងមានសន្តិភាពប្រកបដោយនិរន្តរភាព សម្រាប់រយៈពេលវែងផងដែរ ។
លោកស្រីថា សង្គ្រាមនៅអ៊ុយក្រែន និង សង្គ្រាមនៅមជ្ឈិមបូព៌ា ពិតជា មានទំនាក់ទំនងគ្នា ទៅវិញទៅមក ។
ជាមួយគ្នានេះ លោកស្រី ក៏បានរិះគន់អាមេរិកចំពោះវិធានការ ដកទណ្ឌកម្មលើប្រេងរុស្ស៊ីផងដែរ ដោយលោកស្រី អះអាងថា វិធានការដែលចង់បន្ធូរបន្ថយវិបត្តិថាមពលបែបនេះ បានធ្វើឲ្យតម្លៃប្រេងកាន់តែឡើងថ្លៃ ហើយនាំឲ្យទីក្រុងមូស្គូ ទទួលបានហិរញ្ញវត្ថុ កាន់តែច្រើន ដើម្បីទុកធ្វើសង្គ្រាម ជាមួយ អ៊ុយក្រែន ។
បើតាម Anadolu, ប្លុកអឺរ៉ុប ក៏មានការព្រួយបារម្ភចំពោះសហរដ្ឋអាមេរិកផងដែរ ពាក់ព័ន្ធនឹងការជំរុញជាថ្មីទៅដល់ទីក្រុងកៀវឲ្យលះបង់ដីទៅឲ្យទីក្រុងមូស្គូ ជាថ្នូរនឹងការធានាបានសន្តិសុខ និងសន្តិភាព ៕
ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត