ហ្សឺណែវ ៖ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃ សុក្រ បានជំរុញឲ្យអាមេរិកឆាប់បញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ពាក់ព័ន្ធករណីវាយប្រហារដ៏សាហាវលើសាលាបឋមសិក្សាមួយកន្លែងនៅអ៊ីរ៉ង់ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សយូអិន ដោយមានរដ្ឋមួយចំនួនសម្តែងការខឹងសម្បាជាខ្លាំង ចំពោះហេតុការណ៍នោះ ។
ការអំពាវនាវនេះ ធ្វើឡើងតបតាមសំណើកោះប្រជុំរបស់អ៊ីរ៉ង់ ដើម្បីពិភាក្សាជាបន្ទាន់នៅក្រុមប្រឹក្សានេះ ក្នុងទីក្រុងហ្សឺណែវ ជុំវិញការវាយប្រហារដ៏ឃោរឃៅលើសាលា Shajareh Tayyebeh ដែលអ៊ីរ៉ង់អះអាងថា បានសម្លាប់កុមារ និងគ្រូបង្រៀនដល់ទៅជាង ១៧៥ នាក់ ក្នុងអំឡុងថ្ងៃដំបូងនៃភ្លើងសង្គ្រាមក្នុងតំបន់រយៈពេលជិត ១ខែ ដែលដុតបញ្ឆេះពីការវាយប្រហាររួមគ្នារវាងអាមេរិក-អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ។
បើតាម AFP, ប្រមុខសិទ្ធិមនុស្សយូអិន លោក Volker Turk បានជំរុញឱ្យអាមេរិកឆាប់បញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងចេញផ្សាយលទ្ធផលជាផ្លូវការ ។ លោកថា ត្រូវតែមានយុត្តិធម៌ សម្រាប់គ្រោះថ្នាក់ដ៏គួរឲ្យតក់ស្លុតមួយនេះ ។
យ៉ាងណា នៅពេលត្រូវបានស្នើសុំការអត្ថាធិប្បាយ បេសកកម្មការទូតរបស់អ៊ីស្រាអែលប្រចាំយូអិននៅទីក្រុងហ្សឺណែវ បានបង្វែលស្ថានការណ៍ ដោយបានរិះគន់អ៊ីរ៉ង់ ចំពោះការវាយប្រហារលើជនស៊ីវិលនៅទូទាំងតំបន់ ។ រីឯបេសកកម្មការទូតអាមេរិកបានបង្វែរសំណួរអំពីឧប្បត្តិហេតុនេះ និងដំណើរការស៊ើបអង្កេតទៅក្រសួងការបរទេស ។
យោងតាមរបាយការណ៍ដំបូងកាលពីថ្ងៃទី៥ ខែមីនា អ្នកស៊ើបអង្កេតយោធាអាមេរិកជឿថា ឧប្បត្តិហេតុនេះ ទំនងជាកងកម្លាំងអាមេរិកត្រូវទទួលខុសត្រូវ ប៉ុន្តែមិនទាន់ឈានដល់ការសន្និដ្ឋានចុងក្រោយ ឬបញ្ចប់ការស៊ើបអង្កេតនៅឡើយទេ ។ ចាប់តាំងពីពេលនោះមក ទាំងមន្ទីរបញ្ចកោណ និងអ៊ីស្រាអែលបានបង្កើនការស៊ើបអង្កេតហេតុការណ៍នេះ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា