វ៉ាស៊ីនតោន ៖ យោធាអាមេរិកបានបាញ់មីស៊ីល Tomahawk ប្រមាណ ៨៥០ គ្រាប់ ក្នុងរយៈពេល ៤ សប្តាហ៍ អំឡុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដែលនេះជាការខាតបង់អាវុធកំណត់គោលដៅជាក់លាក់ដ៏សំខាន់ បង្កឲ្យមន្ត្រីមន្ទីរបញ្ចកោណមួយចំនួនព្រួយបារម្ភ និងជជែកផ្ទៃក្នុង អំពីការផលិតឱ្យបានកាន់តែច្រើនបន្ថែម ។ នេះបើតាម Washington Post ដកស្រង់ប្រភពពីបុគ្គលដែលដឹងពីបញ្ហានេះ ។
ឆ្លើយតបរបាយការណ៍នេះ លេខាសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt និយាយថា យោធាអាមេរិកមានគ្រាប់រំសេវ គ្រាប់បែក និងឃ្លាំងអាវុធច្រើនគ្រប់គ្រាន់ ដើម្បីសម្រេចគោលដៅនៃប្រតិបត្តិការយោធា Epic Fury ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានដាក់ចេញដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ។
បើតាម Straits Times, មីស៊ីល Tomahawk ដែលប្រើបាញ់ចេញពីនាវាចម្បាំង និងនាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិក គឺជាប្រព័ន្ធអាវុធដ៏សំខាន់នៃប្រតិបត្តិការយោធាអាមេរិក ចាប់តាំងពីមានការប្រើប្រាស់ប្រយុទ្ធលើកដំបូង ក្នុងអំឡុងសង្គ្រាមឈូងសមុទ្រពែរ្សឆ្នាំ ១៩៩១ ។
ប៉ុន្តែមីស៊ីល Tomahawk មានតែ ២០០ ទៅ ៣០០ គ្រាប់ប៉ុណ្ណោះ ដែលត្រូវបានផលិតជារៀងរាល់ឆ្នាំ ដោយមួយគ្រាប់មានតម្លៃចន្លោះពីជាង ១លានដុល្លារ ទៅ ៣លានដុល្លារ ហើយប្រការនេះ នឹងបង្កការរាំងស្ទះដល់ការផ្គត់ផ្គង់ទូទាំងពិភពលោក ។
ផលិតដោយក្រុមហ៊ុន Raytheon មីស៊ីលដ៏កំណាច Tomahawk នេះ មានឈ្មោះបោះសំលេងដោយសារតែសមត្ថភាពហោះសំកាំងខ្លួនលើអាកាសក្នុងរយៈចម្ងាយឆ្ងាយលើសពី ១.៧០០ ទៅ ២.០០០ គីឡូម៉ែត្រ ជាមួយនឹងល្បឿនលឿនជាងសំលេងជិត ១ដងរបស់វា ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា