ញូវដែលី ៖ រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃ សុក្រ បានអនុម័តសំណើទិញឧបករណ៍ការពារជាតិរបស់ប្រទេសរុស្ស៊ី ដែលមានតម្លៃ ២៥ ពាន់លានដុល្លារ ក្នុងនោះរួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលផលិតដោយរុស្ស៊ី យន្តហោះចម្បាំងច្រើនប្រភេទ និងប្រព័ន្ធកាំភ្លើងធំ ជាផ្នែកមួយនៃការជំរុញទំនើបកម្មយោធារបស់ប្រទេសនេះ ។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងការពារជាតិឥណ្ឌា, ការអនុម័តទាំងនេះ រួមមានការទិញបន្ថែមនូវប្រព័ន្ធ S-400 Triumph របស់រុស្ស៊ី យន្តហោះដឹកជញ្ជូនយោធា ដើម្បីជំនួសយន្តហោះស៊េរីចាស់ៗរបស់ឥណ្ឌា គឺយន្តហោះ An-32 និង Il-76 នៅសល់ចាប់តាំងពីសម័យសូវៀត និងប្រព័ន្ធកាំភ្លើងធំផ្សេងៗ ។
ក្រសួងបន្ថែមថា ការទិញទាំងនេះ ក៏គ្របដណ្តប់លើគ្រាប់រំសេវរថក្រោះដែលទម្លុះពាសដែក ប្រព័ន្ធកាំភ្លើង និងប្រព័ន្ធឃ្លាំមើលតាមអាកាសសម្រាប់កងទ័ព ការធ្វើទំនើបកម្មអាយុកាលយន្តហោះចម្បាំង Su-30 ដែលដំណើរការដោយកងទ័ពអាកាស និងយន្តហោះសម្រាប់ឆ្មាំសមុទ្រ ។
បើតាម RT, ក្រសួងការពារជាតិឥណ្ឌាក៏បានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃ ៤៧ លានដុល្លារ កាលពីថ្ងៃ សុក្រ ជាមួយក្រុមហ៊ុននាំចេញសព្វាវុធយោធារបស់រុស្ស៊ី Rosoboron export ដើម្បីទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស Tunguska បំពាក់ដល់កងទ័ពឥណ្ឌាផងដែរ ។
សរុបមក ឥណ្ឌាបានអនុម័តសំណើចំនួន ៥៥ ដែលមានតម្លៃប្រហែល ៧១ ពាន់លានដុល្លារ និងបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ៥០៣ ផ្សេងទៀត ដែលមានតម្លៃប្រមាណ ២៤ ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ។
យោងតាមទិន្នន័យចុងក្រោយបំផុត ពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល, ឥណ្ឌា គឺជាប្រទេសជះលុយលើវិស័យយោធាធំជាងគេទី ៥ របស់ពិភពលោក និងជាអ្នកនាំចូលអាវុធធំជាងគេទី២ បន្ទាប់ពីអ៊ុយក្រែន ។
អាវុធឥណ្ឌាជាង ៦០% មានប្រភពដើមពីសូវៀត ឬរុស្ស៊ី ទោះបីជាប្រទេសនេះកំពុងស្វែងរកបច្ចេកវិទ្យា និងឧបករណ៍យ៉ាងសកម្មពីអ្នកផ្គត់ផ្គង់ជាច្រើនទៀត រួមទាំងបារាំង សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអាល្លឺម៉ង់ ខណៈឥណ្ឌាផ្ទាល់ក៏កំពុងពង្រឹងសមត្ថភាពផលិតប្រព័ន្ធអាវុធក្នុងស្រុកផងដែរ ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា