មូស្គូ ៖ រុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងពិភាក្សាអំពីការពង្រីកប្រតិបត្តិការរបស់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) លើសពីឆ្នាំ ២០២៨ នេះបើតាមការបញ្ជាក់ពីមន្ត្រីអវកាសជាន់ខ្ពស់របស់រុស្ស៊ីម្នាក់កាលពីថ្ងៃ សុក្រ ។

មូស្គូ ៖ រុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងពិភាក្សាអំពីការពង្រីកប្រតិបត្តិការរបស់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) លើសពីឆ្នាំ ២០២៨ នេះបើតាមការបញ្ជាក់ពីមន្ត្រីអវកាសជាន់ខ្ពស់របស់រុស្ស៊ីម្នាក់កាលពីថ្ងៃ សុក្រ ។
ការពិភាក្សានេះ ធ្វើឡើងក្នុងគ្រាដែលស្ថានីយ៍អវកាសអន្តរជាតិ (ISS) គ្រោងនឹងចូលនិវត្តន៍នៅចុងឆ្នាំ ២០៣០ ដោយសារកត្តាអាយុកាល និងសភាពទ្រុឌទ្រោម។
ទន្ទឹមគ្នា អង្គការ NASA បានជ្រើសរើសក្រុមហ៊ុន SpaceX ដើម្បីដឹកនាំការបន្ទាបស្ថានីយ៍នេះ ឲ្យធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេលជិត ៣០ ឆ្នាំ ។
បើតាមស៊ីនហួរ, អនុប្រធានសាជីវកម្មអវកាសរដ្ឋរុស្ស៊ី Roscosmos លោក Sergei Krikalev និយាយថា យើងចង់បានការពង្រីកប្រតិបត្តិការរបស់ស្ថានីយ៍ ISS រហូតដល់ឆ្នាំ ២០២៨ ខណៈដែលអាមេរិកចង់បានរហូតដល់ឆ្នាំ ២០៣០ ។
លោកថា ដូច្នេះការពិភាក្សាកំពុងដំណើរការទាក់ទងនឹងការពង្រីកប្រតិបត្តិការរបស់ស្ថានីយ៍ ISS បន្ថែមទៀត ដើម្បីធានាបាននូវការផ្លាស់ប្តូរដោយរលូនពីស្ថានីយ៍មួយទៅស្ថានីយ៍ថ្មីមួយទៀត ។
កាលពីខែ កុម្ភៈ ឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៊ី លោក Denis Manturov ប្រកាសថា ការដាក់ពង្រាយស្ថានីយ៍ជាតិរបស់រុស្ស៊ី ត្រូវបានកំណត់នឹងចាប់ផ្តើមនៅឆ្នាំ ២០២៨ ហើយវានឹងក្លាយជាវេទិកាសំខាន់ សម្រាប់ការរុករកអវកាសជ្រៅ ។
ជាមួយគ្នានោះ យានអវកាសដឹកជញ្ជូនមនុស្សជំនាន់ក្រោយរបស់រុស្ស៊ី ត្រូវបានគេរំពឹងថា នឹងធ្វើការហោះហើរទៅកាន់ទីអវកាសលើកដំបូងនៅឆ្នាំ ២០២៨ នេះបើយោងតាម Roscosmos ។
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
