តេហេរ៉ង់ ៖ ប្រមុខការទូតអ៊ីរ៉ង់បានរិះគន់ចំៗលើប្រទេសអឺរ៉ុបមួយចំនួនថា បានឈរអោបដៃនៅស្ងៀមមិនខ្វល់ពីការស្លាបរស់របស់ប្រជាជនអ៊ីរ៉ង់ ពិសេសការវាយប្រហារដ៏ឃោរឃៅប្រឆាំងនឹងពួកគេ ហើយចាប់អារម្មណ៍តែទៅលើផលប៉ះពាល់សេដ្ឋកិច្ចបង្កពីសង្គ្រាមប៉ុណ្ណោះ ។

ការរិះគន់ធ្ងន់ៗនេះ ធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi ជជែកទូរស័ព្ទជាមួយសមភាគីបារាំង លោក Jean-Noel Barrot កាលពីថ្ងៃ ចន្ទ ដើម្បីពិភាក្សាជុំវិញផលវិបាកពីការវាយប្រហារថ្មីៗនេះ រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការកើនឡើងភាពតានតឹងក្នុងតំបន់ ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ ។
នៅក្នុងការសន្ទនានោះ លោក Araghchi បានគំរាមថា អ៊ីរ៉ង់នឹងបន្តប្រតិបត្តិការការពារខ្លួន រួមទាំងការវាយប្រហារលើមូលដ្ឋានយោធាអាមេរិក និងអ៊ីស្រាអែលនៅតាមបណ្តារដ្ឋក្នុងតំបន់ ហើយព្រមានថា ចលនាបង្កហេតុណាមួយនៅច្រកសមុទ្រ Hormuz រួមទាំងនៅអង្គការសហប្រជាជាតិ អាចធ្វើឱ្យសង្គ្រាមនេះកាន់តែធ្ងន់ធ្ងរឡើង ។
ជាការឆ្លើយតប លោក Barrot បានបញ្ជាក់ជាថ្មីនូវការប្រឆាំងរបស់បារាំងចំពោះការវាយប្រហារលើគោលដៅស៊ីវិល និងបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកាន់តែខ្លាំងឡើង ដើម្បីបញ្ចប់សង្គ្រាម និងស្តារស្ថិរភាពក្នុងតំបន់ឡើងវិញ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា