វ៉ាស៊ីនតោន ៖ មេធំមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បានអះអាងច្បាស់ៗថា ប៉ុន្មានថ្ងៃខាងមុខទៀត សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នឹងក្លាយជាការសម្រេចចិត្តដ៏សំខាន់មួយ ។

វ៉ាស៊ីនតោន ៖ មេធំមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បានអះអាងច្បាស់ៗថា ប៉ុន្មានថ្ងៃខាងមុខទៀត សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នឹងក្លាយជាការសម្រេចចិត្តដ៏សំខាន់មួយ ។
ការអះអាងបែបនេះ កើតឡើងបន្ទាប់ពីមានរបាយការណ៍ថា សហរដ្ឋអាមេរិកមានផែនការបញ្ជូនកងទ័ពជើងគោកជាង ១០.០០០ នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈដែលអ៊ីរ៉ង់ក៏បានកែនទ័ពដល់ទៅ ១ លាននាក់ផងដែរ ដើម្បីទប់ទល់ជាមួយយោធាអាមេរិក ។
នៅពេលត្រូវបានសាកសួរថាតើលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងបញ្ជូនកងទ័ពជើងគោកទៅកាន់អ៊ីរ៉ង់ដែរឬទេ ? រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានឆ្លើយថា យើងនឹងមិនបោះបង់ចោលជម្រើសណាមួយឡើយ ។
លោកថា គោលបំណងរបស់មន្ទីរបញ្ចកោណ គឺ “មិនអាចទាយទុកជាមុនបាន” ឡើយ នៅពេលនិយាយអំពីការដាក់ពង្រាយកងទ័ពអាមេរិកជើងគោកចូលទៅកាន់អ៊ីរ៉ង់ ។
ការអត្ថាធិប្បាយរបស់លោក Hegseth ធ្វើឡើងក្រោយលោកប្រធានាធិបតី ត្រាំ បានប្រើសម្តីគំរាមធ្ងន់ៗថា អាមេរិកនឹងបំផ្ទុះកម្ទេចអណ្តូងប្រេង រួមទាំងរោងចក្រថាមពល ប្រសិនបើអ៊ីរ៉ង់នៅតែរឹងទទឹងមិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ និងធ្វើកិច្ចព្រមព្រៀងសន្តិភាព ។
គួរបញ្ជាក់ថា ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ដុតបញ្ឆេះដោយសារតែសហរដ្ឋអាមេរិក និងអ៊ីស្រាអែលរួមដៃគ្នាវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅតែបន្តឆាបឆេះយ៉ាងក្តៅគគុកឈានចូលដល់សប្តាហ៍ទី ៥ ហើយ ហើយគ្មានសញ្ញាបញ្ចប់ឆាប់ៗនោះទេ ទោះបីភាគីជម្លោះនិយាយថា កំពុងចរចាឈប់បាញ់ក៏ដោយ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
