សេអ៊ូល ៖ យោធាកូរ៉េខាងត្បូងបានដាក់ពង្រាយឧទ្ធម្ភាគចក្រដ៏ទំនើប មានរហស្សនាមថា ស្ទាំងសមុទ្រ ឬ MH-60R ចំនួន ២ គ្រឿង ដែលបានទិញពីសហរដ្ឋអាមេរិក ក្នុងចំណោម ១២ គ្រឿង មានតម្លៃសរុបប្រហែល ៦៣៧ លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពតាមប្រមាញ់ និងវាយប្រហារប្រឆាំងនាវាពិឃាត រួមនាវាមុជទឹករបស់កូរ៉េខាងជើង ។
វិធានការរបស់កូរ៉េខាងត្បូង ធ្វើឡើងស្របពេលដែលកូរ៉េខាងជើងបានដាក់មហិច្ឆតាបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹករបស់ខ្លួន ជំរុញសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងដុតដៃដុតជើងអភិវឌ្ឍមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ។
ឧទ្ធម្ភាគចក្រ MH-60R ដែលផលិតដោយក្រុមហ៊ុន Lockheed Martin មានជំនាញពិសេសខាងតាមប្រមាញ់នាវាចម្បាំង និងនាវាមុជទឹក ហើយក៏ជាប្រភេទឧទ្ធម្ភាគចក្រប្រើបាន ក្នុងបេសកកម្មជាច្រើន រួមមានទាំងបេសកកម្មប្រឆាំងស្វែងរក និងជួយសង្រ្គោះជាដើម ។
វាមានសមត្ថភាពសំកាំងខ្លួនលើផ្ទៃមេឃដល់ទៅ ៤ ម៉ោង ហើយថែមទាំងមានធុងសាំងសាគួរផងដែរ ។ វាអាចហោះហើរក្នុងល្បឿនប្រហែល ៣៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកពីឡុត និងក្រុមការងារពី ៣ ទៅ ៤ នាក់ ។
បើតាម Korea joongang daily, កងទ័ពជើងទឹកកូរ៉េខាងត្បូង បានដាក់ពង្រាយឧទ្ធម្ភាគចក្រ MH-60R ជាលើកដំបូង កាលពីថ្ងៃ ពុធ នៅឯអង្គភាពបញ្ជាការកងទ័ពជើងទឹកការពារដែនអាកាសក្នុងតំបន់ Jinhae នៃខេត្ត Gyeongsang ខាងត្បូង ភាគអាគ្នេយ៍នៃប្រទេសនេះ ។
នាយរងប្រតិបត្តិការកងទ័ពជើងទឹក លោក គីម ឃ្យុងរីល និយាយថា ការដាក់ពង្រាយឧទ្ធម្ភាគចក្រ ដែលរចនាឡើងបំពាក់បច្ចេកវិទ្យារុករក និងតាមដានដ៏ល្អឥតខ្ចោះ រួមទាំងសមត្ថភាពវាយប្រហារដ៏រហ័សនេះ នឹងធ្វើឱ្យសត្រូវជួបការបរាជ័យដ៏វេទនា ហើយផ្តល់ជ័យជម្នះដ៏ធំធេងដល់កងកម្លាំងរបស់កូរ៉េខាងត្បូង ។
យោងតាម NHK, អ្នកជំនាញជឿជាក់ថា ការដាក់ពង្រាយឧទ្ធម្ភាគចក្រទាំងនេះ នឹងជួយឱ្យកូរ៉េខាងត្បូង ព្រមទាំងជប៉ុនបង្កើនប្រសិទ្ធភាពឆ្លើយតបរបស់ពួកគេចំពោះការគំរាមកំហែងណាមួយពីសំណាក់កូរ៉េខាងជើង ។ បន្ថែមពីលើឧទ្ធម្ភាគចក្រទាំង ២ គ្រឿង ដែលទើបដាក់ចូលបម្រើសេវាកម្មនេះ កូរ៉េខាងត្បូងក៏មានផែនការដាក់ពង្រាយឧទ្ធម្ភាគចក្រដែលមិនបញ្ជូនមកដល់ជាបន្តបន្ទាប់ផងដែរ ៕
ប្រភព ៖ Korea joongang daily និង NHK ប្រែសម្រួល ៖ ឈឹម ទីណា