សាណា ៖ ជាការចូលរួមជួយអ៊ីរ៉ង់ ធ្វើសង្គ្រាម, ក្រុម Houthi នៅប្រទេសយេម៉ែន កាលពីថ្ងៃពុធ បានប្រកាសពីការវាយប្រហារ ដោយមីស៊ីល ជាលើកទីបួន ទៅលើអ៊ីស្រាអែល។

សាណា ៖ ជាការចូលរួមជួយអ៊ីរ៉ង់ ធ្វើសង្គ្រាម, ក្រុម Houthi នៅប្រទេសយេម៉ែន កាលពីថ្ងៃពុធ បានប្រកាសពីការវាយប្រហារ ដោយមីស៊ីល ជាលើកទីបួន ទៅលើអ៊ីស្រាអែល។
អ្នកនាំពាក្យក្រុមឧទ្ទាម Houthi លោក Yahya Saree បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ តាមវីដេអូមួយថា ក្រុមនេះបានបាញ់កាំជ្រួចផ្លោង សំដៅទៅលើគោលដៅសំខាន់ៗ នៅក្នុងតំបន់ Tel Aviv របស់អ៊ីស្រាអែល។
ការប្រកាស បានធ្វើឡើង បន្ទាប់ពីក្រុមនេះ ចូលទៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តរបស់ពួកគេ គឺ អ៊ីរ៉ង់ កាលពីសប្តាហ៍មុន។
បើតាម AFP, ក្រុម Houthi អាចរំខានដល់ការដឹកជញ្ជូន ឆ្លងកាត់សមុទ្រក្រហម ដូចដែលពួកគេបានធ្វើ នៅកម្រិតខ្ពស់ កាលពីសង្រ្គាម របស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សា។
ក្រុម Houthi ធ្លាប់បានគំរាមកំហែងការដឹកជញ្ជូន តាមសមុទ្រក្រហម និង ព្រែកជីក ស៊ុយអេ (Suez) ដែលតម្រូវឱ្យនាវាធ្វើដំណើរឆ្លងកាត់ច្រកតូចចង្អៀតមួយ ចេញពីឆ្នេរសមុទ្រ នៃប្រទេសយេម៉ែន។
គួររម្លឹកថា ក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាង ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកសំដៅ លើប្រទេសអ៊ីស្រាអែល កាលពីចុងសប្តាហ៍ ដែលជាការវាយប្រហារលើកទីមួយរបស់ពួកគេ នៅក្នុងសង្គ្រាម បច្ចុប្បន្ន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

