អ.ស.ប ៖ ប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ហៅកាត់ GCC កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវ សម្រាប់ការអនុម័ត របស់អង្គការសហប្រជាជាតិ លើការរៀបចំកងកម្លាំង បញ្ជូនទៅការពារច្រកសមុទ្រ Hormuz ពីការវាយប្រហាររបស់អ៊ីរ៉ង់។

អ.ស.ប ៖ ប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ហៅកាត់ GCC កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវ សម្រាប់ការអនុម័ត របស់អង្គការសហប្រជាជាតិ លើការរៀបចំកងកម្លាំង បញ្ជូនទៅការពារច្រកសមុទ្រ Hormuz ពីការវាយប្រហាររបស់អ៊ីរ៉ង់។
អ៊ីរ៉ង់ បានដាក់ការច្របាច់ក នៅលើផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនេះ ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និង ធ្វើឱ្យសេដ្ឋកិច្ចពិភពលោក កាន់តែក្តៅគគុក ក្នុងការសងសឹកចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមមជ្ឈិមបូព៌ា មានរយៈពេល ជាងមួយខែ មកនេះ។
អគ្គលេខាធិការ GCC លោក Jasem Mohamed AlBudaiwi បាននិយាយថា «អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz រារាំងនាវាពាណិជ្ជកម្ម និងនាវាដឹកប្រេង មិនឱ្យឆ្លងកាត់ និងបានដាក់លក្ខខណ្ឌមួយចំនួនឱ្យឆ្លងកាត់ច្រកសមុទ្រ» ។
លោកបានអះអាងបែបនេះ នៅទីក្រុងញូវយ៉ក អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខលើកដំបូង ស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយនឹង GCC ដែលមានសមាជិក ដូចជា ប្រទេស អារ៉ាប៊ី សាអូឌីត, អេមីរ៉ាត អារ៉ាប់រួម, បារ៉ែន, កាតា, គុយវ៉ែត និង អូម៉ង់។
លោក AlBudaiwi បាននិយាយថា «យើងអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ ទទួលខុសត្រូវទាំងស្រុងរបស់ខ្លួន និង ចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផ្លូវសមុទ្រ និង ធានាឱ្យមានការបន្តសុវត្ថិភាព នៃការធ្វើនាវាចរណ៍អន្តរជាតិ» ។
ជាធម្មតា ប្រហែលមួយភាគប្រាំ នៃប្រេង និងឧស្ម័នធម្មជាតិ របស់ពិភពលោក ឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ការបិទ កំពុងប៉ះពាល់ដល់ការផ្គត់ផ្គង់សកល នៃទំនិញសំខាន់ៗ រួមមានប្រេង ឧស្ម័នធម្មជាតិរាវ និង ជី។ ការណ៍នេះ បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃ តម្លៃថាមពល៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

