មូស្គូ ៖ ប្រទេសរុស្ស៊ីព្រមានថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលលឿនជាងសំលេងប្រឆាំងនាវាចម្បាំង រួមទាំងការកសាងអាវុធវាយលុករបស់ប្រទេសជប៉ុន បានឆ្លុះបញ្ចាំងពីផ្លូវដ៏គ្រោះថ្នាក់របស់ប្រទេសនេះ ឆ្ពោះទៅរកការធ្វើទំនើបកម្មឧបករណ៍យោធា ។

មូស្គូ ៖ ប្រទេសរុស្ស៊ីព្រមានថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលលឿនជាងសំលេងប្រឆាំងនាវាចម្បាំង រួមទាំងការកសាងអាវុធវាយលុករបស់ប្រទេសជប៉ុន បានឆ្លុះបញ្ចាំងពីផ្លូវដ៏គ្រោះថ្នាក់របស់ប្រទេសនេះ ឆ្ពោះទៅរកការធ្វើទំនើបកម្មឧបករណ៍យោធា ។
ការព្រមានរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីជប៉ុនបានដាក់ពង្រាយមីស៊ីល និងគ្រាប់ផ្លោងមានល្បឿនលឿនប្រភេទថ្មី ដែលផលិតក្នុងស្រុកជាលើកដំបូងក្នុងសប្តាហ៍នេះ ទៅកាន់មូលដ្ឋានយោធាចំនួន ២ កន្លែង ដើម្បីបង្កើនសមត្ថភាពវាយបកប្រឆាំងសត្រូវ ក្នុងករណីសង្គ្រាមផ្ទុះឡើង ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការដាក់ពង្រាយមីស៊ីលប្រឆាំងនាវាចម្បាំង និងគ្រាប់ផ្លោងលឿនជាងសំលេងនៅឯទីបញ្ជាការយោធាក្នុងទីក្រុង Kumamoto និងទីក្រុង Shizuoka នេះ តំណាងឱ្យការចង្អុលបង្ហាញមួយទៀតថា ប្រទេសជប៉ុនកំពុងងាកចេញពីបទប្បញ្ញត្តិសន្តិភាពនិយម ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ។
លោកស្រី Zakharova បានសង្កត់ធ្ងន់ថា ក្រៅពីការព្រមាន រុស្ស៊ីក៏បានលើកឡើងម្តងហើយម្តងទៀតជាមួយអាជ្ញាធរជប៉ុន តាមរយៈបណ្តាញការទូត អំពីផលប៉ះពាល់អវិជ្ជមាន នៃគោលនយោបាយរបស់ពួកគេ មកលើសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ ។
យ៉ាងណា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi នៅតែអះអាងថា ការដាក់ពង្រាយមីស៊ីល គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុត សម្រាប់ការពង្រឹងសមត្ថភាពទប់ស្កាត់ និងវាយបករបស់ជប៉ុន ខណៈដែលប្រទេសជាតិកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ផុយស្រួយ និងស្មុគស្មាញបំផុត ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ ។
បើតាម Japan Times, មីស៊ីលដែលជប៉ុនបំពាក់នៅជំរំទាំងពីរខាងលើនេះ ធ្វើឡើងចំពេលដែលប្រទេសចិន ត្រូវបានគេជឿថា មានមីស៊ីលបាញ់ចេញពីដីគោកជិត ២,០០០ គ្រាប់ ដែលអាចបាញ់បានចម្ងាយពី ១,០០០ ទៅ ៥,៥០០ គីឡូម៉ែត្រ ពោលគឺច្រើនជាងជប៉ុន និងសហរដ្ឋអាមេរិក ៕
ប្រភព ៖ ស៊ីនហួរ និង Japan Times ប្រែសម្រួល ៖ ឈឹម ទីណា


