មូស្គូ ៖ ក្រសួងការពារជាតិ របស់រុស្ស៊ី បានបង្ហាញមីស៊ីលអន្តរទ្វីប ICBM អំឡុងពេលសមយុទ្ធ នៅតំបន់ស៊ីបេរី។

មូស្គូ ៖ ក្រសួងការពារជាតិ របស់រុស្ស៊ី បានបង្ហាញមីស៊ីលអន្តរទ្វីប ICBM អំឡុងពេលសមយុទ្ធ នៅតំបន់ស៊ីបេរី។
រូបភាពដែលបានចេញផ្សាយ កាលពីថ្ងៃទី ២ ខែមេសា ក្រសួងការពារជាតិ បង្ហាញពីកាំជ្រួចអន្តរទ្វីប Yars ដែលមានសមត្ថភាពបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ហើយ ត្រូវបានដឹកជញ្ជូន នៅលើឧបករណ៍បាញ់បង្ហោះចល័ត ក្នុងអំឡុងពេលសមយុទ្ធ របស់កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ។
ក្រសួងការពារជាតិរុស្ស៊ី បញ្ជាក់ថា ក្រុមកងកម្លាំងជំនាញមីស៊ីលនុយក្លេអ៊ែរ បានអនុវត្តសកម្មភាពជាច្រើន រួមទាំងការហាត់សម ឆ្លើយតបទៅនឹងការក្លែងបន្លំនៃការវាយប្រហាររបស់សត្រូវ ព្រមទាំង ការប្រឆាំងនឹងអាវុធ វាយប្រហារតាមអាកាសផងដែរ ។
បើតាម Straitstimes, រុស្ស៊ី តែងតែធ្វើសមយុទ្ធ ជាទៀងទាត់ សម្រាប់កងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីសាកល្បង ការត្រៀមខ្លួនប្រយុទ្ធរបស់ពួកគេ និង បញ្ជូនសញ្ញាព្រមាន ទៅកាន់លោកខាងលិច ចំពេលដែលទីក្រុងមូស្គូមានភាពតានតឹងខ្លាំង ជាមួយសត្រូវ អង្គការ ណាតូ ជុំវិញសង្គ្រាម នៅអ៊ុយក្រែន ។
ការធ្វើសមយុទ្ធមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រ របស់រុស្ស៊ីកើតមានឡើង ចំពេលដែលសង្គ្រាមអ៊ុយក្រែន មិនទាន់មានសញ្ញា បិទបញ្ចប់ ដោយបានអូសបន្លាយពេល ជាង ៤ ឆ្នាំមកហើយ ។
សមយុទ្ធនេះក៏ធ្វើឡើង ចំពេលដែលផ្ទុះសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដែលផ្តើមចេញពីការវាយប្រហាររួមគ្នា របស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ៕
ប្រភពពី AFP, Straitstimes ប្រែសម្រួល ៖ សារ៉ាត
