ប៉ារីស ៖ ជាលើកដំបូង ដែលកប៉ាល់ដឹកកុងតឺន័រមួយគ្រឿង របស់បារាំង និង នាវាដែលគ្រប់គ្រងដោយជប៉ុន ១គ្រឿង ផ្សេងទៀត ស្ថិតក្នុងចំណោមកប៉ាល់មួយចំនួនតូច បានបើកឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលហែកហួរដោយសង្រ្គាម នេះបើយោងតាមទិន្នន័យតាមដានដែនសមុទ្រ បានបង្ហាញ កាលពីថ្ងៃសុក្រ ទី៣ ខែមេសា។
ផ្លូវឆ្លងកាត់ ដែលជាច្រកសមុទ្រដ៏សំខាន់ សម្រាប់ប្រេង និងឧស្ម័នធម្មជាតិ ត្រូវបានរារាំង ស្ទើរតែស្រុង ពីប្រទេសអ៊ីរ៉ង់ ចាប់តាំងពីសង្គ្រាមចាប់ផ្តើមផ្ទុះ។
ប៉ុន្តែ កប៉ាល់ទាំងពីរ បានឆ្លងកាត់ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមគេហទំព័ររបស់ Marine Traffic របស់ក្រុមហ៊ុនតាមដានកប៉ាល់។ ប្រភពថា នាវា Kribi ដែលជាកម្មសិទ្ធិ របស់ក្រុមដឹកជញ្ជូនតាមសមុទ្របារាំង CMA CGM បានឆ្លងកាត់ផ្លូវទឹក ដើម្បីចាកចេញពីឈូងសមុទ្រ។
លើសពីនេះទៀត នាវាដឹកប្រេងចំនួន ៣គ្រឿង រួមទាំង សហកម្មសិទ្ធិរបស់ក្រុមហ៊ុនជប៉ុនមួយគ្រឿងផងដែរ បានឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើដំណើរជំនួសផ្លូវភាគខាងត្បូង។
ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធារបស់អាមេរិក និង អ៊ីស្រាអែល មក, អ៊ីរ៉ង់បានបិទចរាចរណ៍ភាគច្រើន ដែលឆ្លងកាត់ច្រកសមុទ្រ ស្ថិតនៅឆ្នេរ ភាគខាងត្បូងរបស់ខ្លួន មួយនេះ ជាហេតុ ជំរុញឱ្យតម្លៃប្រេងឥន្ធនៈ កើនឡើង ទូទាំងពិភពលោក ខណៈដែល នាវាមួយចំនួន ដែលគឃ្លើន មិនស្តាប់តាមការណែនាំ ត្រូវបាន អ៊ីរ៉ង់ វាយប្រហារ ។
យ៉ាងណា ទីក្រុងតេហេរ៉ង់ អះអាងថា នាវារបស់បណ្តាប្រទេសជាមិត្ត អាចឆ្លងកាត់បាន ឬ កប៉ាល់ដឹកទំនិញ របស់ប្រទេសផ្សេងៗទៀត ឲ្យតែទទួលបានការអនុញ្ញាត ពីប្រទេសអ៊ីរ៉ង់ ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត