ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែលព្រមានពីការវាយប្រហារ លើច្រកព្រំដែន រវាងប្រទេស លីបង់ និង ស៊ីរី ដោយជំរុញឱ្យអ្នកស្រុកជម្លៀសចេញ ជាបន្ទាន់។

ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែលព្រមានពីការវាយប្រហារ លើច្រកព្រំដែន រវាងប្រទេស លីបង់ និង ស៊ីរី ដោយជំរុញឱ្យអ្នកស្រុកជម្លៀសចេញ ជាបន្ទាន់។
យោធាអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ទី៤ ខែមេសា បានព្រមានថា ខ្លួននឹងវាយប្រហារតំបន់មួយ នៅជិតច្រកឆ្លងកាត់ដ៏សំខាន់ រវាងប្រទេសស៊ីរី និងលីបង់ ដោយជំរុញឱ្យអ្នកស្រុកជម្លៀសចេញជាបន្ទាន់ ខណៈដែលអ៊ីស្រាអែល នៅតែបន្តការវាយប្រហារ ទូទាំងប្រទេស លីបង់។
អ៊ីស្រាអែលបានធ្វើការវាយប្រហារ នៅទូទាំងប្រទេសលីបង់ ហើយបានបើកការឈ្លានពានដីនៅភាគខាងត្បូង ចាប់តាំងពីថ្ងៃទី ២ ខែមីនា នៅពេលដែលក្រុម Hezbollah បានចូលក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ា ដោយបង្ហាញការគាំទ្រ ដល់ភាគីអ៊ីរ៉ង់។
លោក Avichay Adraee អ្នកនាំពាក្យយោធា បាននិយាយថា «ដោយសារតែ Hezbollah ប្រើប្រាស់ព្រំដែន Masnaa Crossing សម្រាប់គោលបំណងយោធា និងការរត់ពន្ធឧបករណ៍ប្រយុទ្ធ ,កងទ័ពអ៊ីស្រាអែលមានបំណងធ្វើការវាយប្រហារ លើផ្លូវឆ្លងកាត់នេះ នាពេលខាងមុខ» ។
ប្រភពសន្តិសុខលីបង់ នៅច្រកឆ្លងកាត់ បានប្រាប់ AFP ថា ពួកគេកំពុង “កំពុងជម្លៀសខ្លួន” បន្ទាប់ពីការគំរាមកំហែង របស់អ៊ីស្រាអែល ។ អាជ្ញាធរស៊ីរី បាននិយាយថា ផ្លូវឆ្លងកាត់នេះគឺ “សម្រាប់តែជនស៊ីវិលប៉ុណ្ណោះ” ហើយបានផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន ដោយសារមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពអ្នកធ្វើដំណើរ។
ផ្លូវឆ្លងកាត់ Masnaa គឺជាច្រកផ្លូវគោកដ៏សំខាន់ របស់ប្រទេសលីបង់ ទៅកាន់តំបន់ផ្សេងទៀត និង ជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ប្រទេសទាំងពីរ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
