វ៉ាស៊ីនតោន, តេហេរ៉ង់ ៖ ជាការបន្ទន់ឥរិយាបថព្រមគ្នា លើកដំបូង, សហរដ្ឋអាមេរិក, អ៊ីរ៉ង់ និង ក្រុមអ្នកសម្របសម្រួល នៅក្នុងតំបន់ បានជំរុញឱ្យមានបទឈប់បាញ់ រយៈពេល ៤៥ថ្ងៃ មុនពេលឈានទៅបញ្ចប់សង្គ្រាម ជាអចិន្ត្រៃយ៍។ នេះបើតាមសារព័ត៌មាន Axios រាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយបានដកស្រង់ ប្រភពចំនួន ៤ ពីខាងសហរដ្ឋអាមេរិក, អ៊ីស្រាអែល ព្រមទាំង បណ្តារដ្ឋក្នុងតំបន់ ដែលដឹងអំពីកិច្ចចរចានេះ។
បើតាមប្រភព, ក្រុមអ្នកសម្រុះសម្រួល កំពុងពិភាក្សា អំពីលក្ខខណ្ឌ នៃកិច្ចព្រមព្រៀង ជាពីរដំណាក់កាល ដោយបន្ថែមថា ដំណាក់កាលទីមួយ នឹងក្លាយជាបទឈប់បាញ់ ដ៏មានសក្តានុពល រយៈពេល ៤៥ថ្ងៃ ហើយ ដំណាក់កាល ទីពីរ គឺជាការឈានទៅសម្រេចកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាម ជាស្ថាពរ។
ប្រភពបានឲ្យដឹងដែរថា បទឈប់បាញ់ អាចត្រូវពន្យារពេល ឲ្យលើសពី ៤៥ថ្ងៃ ប្រសិនបើ ត្រូវការពេលវេលាបន្ថែមទៀត សម្រាប់ការចរចា ឈានទៅបិទបញ្ចប់អរិភាព ទាំងស្រុង ។
ដំណឹង នៃការបន្ទន់ឥរិយាបថ រួមគ្នានេះ ត្រូវបានបញ្ចេញឲ្យដឹង ស្របពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃអាទិត្យថា ថ្ងៃផុតកំណត់ របស់លោក សម្រាប់ប្រទេសអ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រ Hormuz គឺ នៅត្រឹមល្ងាចថ្ងៃអង្គារ ស្អែកនេះ ដោយលោកបញ្ជាក់ថា អ៊ីរ៉ង់ ប្រឈមមុខនឹងការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ បើមិនព្រមផ្លូវទឹកដ៏សំខាន់ របស់ពិភពលោក មួយនេះ។
ជុំវិញ ច្រកសមុទ្រ Hormuz, ប្រទេសនៅឈូងសមុទ្រ អារ៉ាប់រួម បានចេញមកប្រកាសចំៗថា ការធានាពីសន្តិសុខ សម្រាប់ច្រក Hormuz ត្រូវតែមានចែង នៅក្នុងកិច្ចព្រមព្រៀងណាមួយ រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ។ លោក Anwar Gargash ទីប្រឹក្សាការទូត របស់ប្រធានាធិបតី អារ៉ាប់រួម បានប្រាប់សន្និសីទខ្លីមួយ កាលពីចុងសប្តាហ៍ ថា ច្រកសមុទ្រ Hormuz មិនមែនជាបន្ទះឈីប សម្រាប់ចរចាក្នុងតំបន់ ប៉ុន្តែ ជាការចាំបាច់ ការពារសុវត្ថិភាព ដើម្បីសេដ្ឋកិច្ចពិភពលោក។
យ៉ាងណា សេតវិមាន និង ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញដំណឹង នៃ ការបន្ទន់ឥរិយាបថរួមគ្នា តាមរយៈការចុះផ្សាយ របស់សារព័ត៌មាន Axios នោះទេ ៕
ប្រភពពី រយធឺ ប្រែសម្រួល ៖ សារ៉ាត