វ៉ាស៊ីនតោន ៖ ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ អវកាសយានិកនៃបេសកកម្មជាប្រវត្តិសាស្ត្រ Artemis II របស់អង្គការ NASA រំពឹងនឹងហោះទៅដល់ផ្នែកម្ខាងទៀតនៃភពព្រះចន្ទនៅថ្ងៃទី៦ ខែមេសា ដែលជាដំណើរចូលទៅក្នុងលំហអាកាសកាន់តែជ្រៅជាងអ្វីដែលមនុស្សជាតិមិនធ្លាប់ទៅដល់នាពេលកន្លងមក ។
បើតាម The guardian, ទីភ្នាក់ងារអវកាសណាសារបស់សហរដ្ឋអាមេរិក បានរាយការណ៍ពីវឌ្ឍនភាពយ៉ាងល្អ នៃការហោះក្រឡឹងជុំវិញភពព្រះចន្ទ ចាប់តាំងពីបេសកកម្ម Artemis II បានចាប់ផ្ដើមកាលពីថ្ងៃទី១ ខែមេសា ។
ក្រុមអវកាសយានិក Artemis II គឺជាក្រុមអវកាសយានិកដំបូងគេដែលធ្វើដំណើរឆ្ពោះទៅកាន់ព្រះចន្ទ ក្នុងរយៈពេលជាងកន្លះសតវត្សមកនេះ ដោយបន្តដំណើរពីកម្មវិធី អាប៉ូឡូ ដែលបានបញ្ចប់ទៅកាលពីឆ្នាំ ១៩៧២ ។
ក្រុមអវកាសយានិកនៃបេសកកម្មនេះ សរុបមានចំនួន ៤ រូប ក្នុងនោះមានអវកាសយានិកជនជាតិអាមេរិក ៣ រូប និងជនជាតិកាណាដាមួយរូប កំពុងតែត្រៀមបំបែកកំណត់ត្រាហោះក្នុងចម្ងាយឆ្ងាយបំផុតពីផែនដី ស្របពេលដែលបាតុភូតសូរ្យគ្រាសពេញវង់ជិតមកដល់ ។
បេសកកម្ម Artemis II គឺជាផ្នែកមួយនៃផែនការប្រកបដោយមហិច្ឆតារបស់សហរដ្ឋអាមេរិក ដើម្បីបញ្ជូនអវកាសយានិកវិលត្រឡប់ទៅកាន់ភពព្រះចន្ទម្តងហើយម្តងទៀត ក្នុងគោលបំណងបង្កើតមូលដ្ឋាននៅលើភពព្រះចន្ទជាអចិន្ត្រៃយ៍ បម្រើដល់កិច្ចការស្រាវជ្រាវ និងរុករក មុនពេលបញ្ជូនមនុស្សទៅរស់នៅទីនោះតែម្តង ។
ក្រោយទទួលជោគជ័យក្នុងបេសកកម្មហោះក្រឡឹងជុំវិញភពព្រះចន្ទរយៈពេល ១០ ថ្ងៃនេះ អង្គការ NASA ក៏មានគោលបំណងបញ្ជូនអវកាសយានិកចំនួន ២ រូប ទៅជាន់ផ្ទៃព្រះចន្ទ នៅជិតប៉ូលខាងត្បូងភពព្រះចន្ទនៅឆ្នាំ ២០២៨ ផងដែរ ៕
ប្រភព ៖ The guardian ប្រែសម្រួល ៖ ឈឹម ទីណា