ព្យុងយ៉ាង ៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បានប្រកាសស្វាគមន៍ ការសោកស្តាយ របស់កូរ៉េខាងត្បូង ជុំវិញការបញ្ជូនយន្តហោះគ្មានមនុស្សបើកបំពាន។

ព្យុងយ៉ាង ៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បានប្រកាសស្វាគមន៍ ការសោកស្តាយ របស់កូរ៉េខាងត្បូង ជុំវិញការបញ្ជូនយន្តហោះគ្មានមនុស្សបើកបំពាន។
ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយ កាលពីថ្ងៃចន្ទ ទី៦ មេសាថា ការសោកស្ដាយ ដែលបង្ហាញដោយទីក្រុងសេអ៊ូល ចំពោះការលុកលុយរបស់យន្តហោះគ្មានមនុស្សបើក កាលពីខែមករា ទៅកាន់កូរ៉េខាងជើង គឺជា “អាកប្បកិរិយាដ៏ឈ្លាសវៃ”។
ការប្រកាសនេះ ធ្វើឡើង ភ្លាមៗ បន្ទាប់ពី ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសម្តែងការសោកស្ដាយ ចំពោះទីក្រុងព្យុងយ៉ាង លោកហៅថា ការបង្ហោះដ្រូនបែបនេះ ត្រូវបានរកឃើញថា មានពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល និងយោធាផងដែរ ដោយលោកចាត់ទុកថា “គ្មានការទទួលខុសត្រូវ”។
លោកស្រី Kim Yo Jong បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ថា « ប្រធានាធិបតីកូរ៉េខាងត្បូង បានសម្តែងការសោកស្ដាយផ្ទាល់ និងបាននិយាយអំពីវិធានការ ទប់ស្កាត់ការកើតឡើងម្តងទៀត»។
លោកស្រី បាននិយាយថា បងប្រុសរបស់ខ្លួន បានយកការកត់សម្គាល់ លើសម្តី របស់មេដឹកនាំកូរ៉េខាងត្បូង ដែលអះអាងថា ជាការបង្ហាញពីអាកប្បកិរិយាស្មោះត្រង់ និងទូលំទូលាយ ប៉ុន្តែ បានព្រមានក្រុងសេអ៊ូលឱ្យ បញ្ឈប់ការបង្កហេតុ ដែលមិនប្រុងប្រយ័ត្នណាមួយ ប្រឆាំងនឹងកូរ៉េខាងជើង និងចៀសវាងការប៉ុនប៉ងទាក់ទងណាមួយ។
កូរ៉េខាងជើង បានព្រមាន កាលពីខែកុម្ភៈ អំពីការឆ្លើយតបដ៏គួរឱ្យភ័យខ្លាច ប្រសិនបើ ខ្លួនរកឃើញយន្តហោះគ្មានមនុស្សបើកបន្ថែមទៀត ឆ្លងកាត់ព្រំដែន ពីខាងត្បូង។ ក្រុង ព្យុងយ៉ាង បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបំពាក់ ឧបករណ៍ស៊ើបការណ៍ កាលពីដើមខែមករា។
ជាការកត់សម្គាល់ លោក Lee បានព្យាយាមជួសជុលទំនាក់ទំនង ជាមួយកូរ៉េខាងជើង ចាប់តាំងពី លោក ចូលកាន់តំណែង ជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីឆ្នាំមុន ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

