តេហេរ៉ង់ ៖ អ៊ីរ៉ង់ បានច្រានចោលសំណើបទឈប់បាញ់ នៅក្នុងសង្គ្រាមរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើទោះបីជាមានការគំរាមកំហែងយ៉ាងខ្លាំង ពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ខ្លួនក៏ដោយ។

តេហេរ៉ង់ ៖ អ៊ីរ៉ង់ បានច្រានចោលសំណើបទឈប់បាញ់ នៅក្នុងសង្គ្រាមរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើទោះបីជាមានការគំរាមកំហែងយ៉ាងខ្លាំង ពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ខ្លួនក៏ដោយ។
ប្រទេសជាច្រើន បានដើរតួជាអ្នកសម្រុះសម្រួល ដើម្បីព្យាយាមបញ្ឈប់ការប្រយុទ្ធគ្នា ជាង ៥ សប្តាហ៍។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានចេញផ្សាយ កាលពីថ្ងៃចន្ទថា «នៅក្នុងការឆ្លើយតបនេះ ចំពោះសំណើ១០ ចំណុច អ៊ីរ៉ង់បានច្រានចោលបទឈប់បាញ់ និង ទទូចលើតម្រូវការ សម្រាប់ការបញ្ចប់យ៉ាងច្បាស់លាស់ នៃ ជម្លោះនេះ»។
កាសែត New York Times ដោយដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់ អ៊ីរ៉ង់ ពីរនាក់ ដែលមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់ ក៏កំពុងស្វែងរកការធានាផងដែរថា ខ្លួននឹងមិនប្រឈមមុខនឹងការវាយប្រហារ នាពេលអនាគត ហើយការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួន Hezbollah នៅភាគខាងត្បូង ប្រទេសលីបង់ នឹងត្រូវឈប់។
នៅក្រោមផែនការ ដែលបានរាយការណ៍ អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈពេលដែលខ្លួនគិតប្រាក់ ប្រហែល ២ លានដុល្លារ ក្នុងនាវា១គ្រឿង ដែលជាថ្លៃសេវា ចែករំលែកជាមួយប្រទេសអូម៉ង់ ដែលមានព្រំប្រទល់ជាប់ ផ្លូវទឹកមួយនេះ នេះបើយោងតាមកាសែត New York Times ដដែល ។
កាសែតនេះ បាននិយាយថា ប្រទេសអ៊ីរ៉ង់ នឹងប្រើប្រាស់ចំណែក នៃប្រាក់ចំណូលរបស់ខ្លួន ដើម្បីកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាត ដោយការវាយប្រហារ ជំនួសឱ្យការស្វែងរកសំណងដោយផ្ទាល់។
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានហៅផែនការបទឈប់បាញ់នេះថា ជា “សំណើដ៏សំខាន់” ប៉ុន្តែ ក្រោយមក លោកបានបន្ត និយាយថា វាមិនល្អគ្រប់គ្រាន់ទេ។ លោក Trump បានព្រមាន កាលពីថ្ងៃអាទិត្យ ថា លុះត្រាតែទីក្រុងតេហេរ៉ង់ យល់ព្រម នៅត្រឹមយប់ថ្ងៃអង្គារនេះ ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូន ដោយឥតគិតថ្លៃ សម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz តែ បើ អ៊ីរ៉ង់ មិនធ្វើដូច្នេះទេ លោកនឹងបញ្ជាឱ្យមានការវាយប្រហារ លើរោងចក្រថាមពល និង ស្ពាន របស់ប្រទេសមួយនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
