ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានទម្លាយអាថ៌កំបាំងដ៏មិននឹកស្មានដល់មួយទាក់ទិនទៅនឹងគោលបំណងចង់ដកខ្លួនសហរដ្ឋអាមេរិកចេញពីអង្គការណាតូ ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានទម្លាយអាថ៌កំបាំងដ៏មិននឹកស្មានដល់មួយទាក់ទិនទៅនឹងគោលបំណងចង់ដកខ្លួនសហរដ្ឋអាមេរិកចេញពីអង្គការណាតូ ។
លោក Trump និយាយថា ហេតុផលចម្បងដែលអាមេរិកលែងចង់ក្លាយជាសមាជិកអង្គការណាតូ គឺដោយសារតែសម្ព័ន្ធភាពយោធាមួយនេះបានបដិសេធមិនប្រគល់កោះ Greenland មកឲ្យសហរដ្ឋអាមេរិកគ្រប់គ្រង តាមការចង់បានរបស់ខ្លួន ។
ប្រធានាធិបតីវ័យ ៧៩ ឆ្នាំរូបនេះបញ្ជាក់ថា ប្រសិនបើពិភពលោកចង់ដឹងការពិតនៃឫសគល់ដែលអាមេរិកចង់ដកខ្លួនចេញពីអង្គការណាតូ គឺរឿងទាំងមូលចាប់ផ្តើមនៅកោះ Greenland ។ លោកថា យើងចង់បានកោះ Greenland ប៉ុន្តែអង្គការណាតូមិនចង់ប្រគល់កោះទឹកកកមួយនេះមកឲ្យអាមេរិកនោះទេ ។
បើតាម AFP, កោះ Greenland គឺជាទឹកដីស្វយ័តដែលជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក ដែលជារដ្ឋសមាជិករបស់អង្គការណាតូ ។ កោះនេះមានផ្ទៃដីប្រហែល ២ លាន ១ សែន ៦ ម៉ឺនគីឡូម៉ែត្រការ៉េ ដែលធំជាងប្រទេសម៉ិកស៊ិក និងធំជាងរដ្ឋតិចសាសរបស់សហរដ្ឋអាមេរិកក្នុងទំហំជាង ៣ ដង ។
លោក ត្រាំ បានបង្ហាញពីកូនចិត្តចង់ដាក់បញ្ចូលកោះ Greenland ទៅក្នុងទឹកដីសហរដ្ឋអាមេរិកជាយូរយារណាស់មកហើយ ដើម្បីសន្តិសុខជាតិរបស់ខ្លួន ជាពិសេសដើម្បីការពារការត្រួតត្រារបស់ចិន ឬរុស្ស៊ី ។ យ៉ាងណា មហិច្ឆតាមួយនេះត្រូវបានជួបប្រទះនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីប្រទេសក្នុងអង្គការ ។ រឿងទាំងអស់នេះហើយទើបធ្វើឲ្យលោក ត្រាំ និយាយថា លាហើយអង្គការណាតូ ។
ការប្រកាសដកខ្លួនរបស់លោក ត្រាំ ធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ ដែលគ្រោងធ្វើឡើងនៅសប្តាហ៍នេះ ជាពិសេសនៅក្រោយពេលដែលលោក ត្រាំ បានហៅអង្គការណាតូថាជា ខ្លាក្រដាស ។
នេះជាលើកទី ២ ហើយដែលលោក ត្រាំ រិះគន់អង្គការណាតូយ៉ាងចាស់ដៃបែបនេះ ។ នៅថ្ងៃទី២០ ខែមីនា លោក ត្រាំ បានហៅអង្គការណាតូថាជា «អង្គការកំសាក» ក្រោយពេលដែលសម្ព័ន្ធយោធាមួយនេះមិនចង់ជួយសហរដ្ឋអាមេរិកបើកច្រកសមុទ្រ Hormuz ឡើងវិញ ៕
ប្រភព ៖ CNA – The Straite Times ប្រែសម្រួល ៖ សុខ ជីវ័ន្ត – ឈឹម ទីណា
