ព្យុងយ៉ាង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងហោះទៅបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង ដោយចាប់ផ្តើមពីថ្ងៃ ព្រហស្បតិ៍ នេះទៅ ដើម្បីពង្រឹងទំនុកចិត្ត ខណៈដែលទំនាក់ទំនងទ្វេភាគីហាក់រង្គោះរង្គើ ក្រោយទីក្រុងព្យុងយ៉ាងងាកទៅពង្រឹងសម្ព័ន្ធភាពខ្លាំងឡើងជាមួយរុស្ស៊ី ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning និយាយថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន ធ្វើឡើងស្របពេលដែលទីក្រុងប៉េកាំង មានឆន្ទៈពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយកូរ៉េខាងជើង និងបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីទ្វេភាគី តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ។
ប៉ុន្តែទន្ទឹមគ្នា អ្នកតាមដានការណ៍មួយចំនួនបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Wang កើតឡើងក្នុងគ្រាដែលទំនាក់ទំនងរវាងចិន-កូរ៉េខាងជើងហាក់រង្គោះរង្គើ ក្រោយទីក្រុងព្យុងយ៉ាងងាក់ទៅពង្រឹងទំនាក់ទំនងកាន់តែស្អិតរមួតជាមួយរុស្ស៊ី ។
ប៉ុន្តែបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un កាលពីខែកញ្ញា បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jing ping អ្វីៗហាក់ផ្លាស់ប្តូរ ។
ពីព្រោះចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរបានរឹងមាំឡើងវិញ ។ តួយ៉ាង កាលពីខែមុន សេវារថភ្លើងដឹកអ្នកដំណើរ និងជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Air China រវាងរដ្ឋធានីទាំងពីរ ត្រូវបានដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេល ៦ ឆ្នាំ ។
ហើយសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងចិន-កូរ៉េខាងជើង ត្រូវបានគេរំពឹងថា គឺជារបៀបវារៈកំពូលក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនទៅកាន់ទឹកដីកូរ៉េខាងជើង ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា