បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump គំរាមដាក់ពន្ធ ៥០% លើប្រទេសនាំអាវុធទៅអ៊ីរ៉ង់

លោក Trump គំរាមដាក់ពន្ធ ៥០% លើប្រទេសនាំអាវុធទៅអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃ ពុធ បានបន្តប្រើប្រាស់គោលនយោបាយជាយុទ្ធសាស្រ្តដ៏ពេញនិយមរបស់គាត់ នោះគឺការគំរាមដាក់ពន្ធដល់ទៅ ៥០% ភ្លាមៗ ដោយគ្មានករណីលើកលែងឡើយ ទៅលើប្រទេសទាំងឡាយណា ដែលគឃ្លើនហ៊ានលួចលាក់ផ្គត់ផ្គង់គ្រឿងសព្វាវុធយោធាទៅឱ្យប្រទេសអ៊ីរ៉ង់ ។

Advertisement

បើតាម Straits Times, ការព្រមានដាក់ពន្ធថ្មីនេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងលើបទឈប់បាញ់រយៈពេល ២ សប្តាហ៍ ដើម្បីបន្ធូរបន្ថយភើ្លងសង្គ្រាម ដែលបានឆាប់ឆេះទូទាំងតំបន់មជ្ឈិមបូព៌ាជាង ១ ខែកន្លងមកនេះ ។

កិច្ចព្រមព្រៀងឈប់បាញ់នេះ ធ្វើឡើងក្រោមលក្ខខណ្ឌដែលអ៊ីរ៉ង់ត្រូវបើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីសម្រួលដល់ចរាចរណ៍ដឹកជញ្ជូនថាមពលសកល ។ ទន្ទឹមគ្នា ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ ក៏បានបង្ហាញឆន្ទៈក្នុងការទទួលយកបទឈប់បាញ់នេះដែរ ហើយគ្រោងនឹងចូលរួមក្នុងកិច្ចចរចាជាមួយអាមេរិកនៅប៉ាគីស្ថាន នាថ្ងៃទី១០ ខែមេសា ។

យោងតាម Al Jazeera, លោកប្រធានាធិបតី Trump បានបង្ហោះសារគំរាមធ្ងន់ៗនៅលើបណ្តាញសង្គម Truth Social ថា ប្រទេសណាក៏ដោយ ដែលហ៊ានផ្គត់ផ្គង់អាវុធយោធាដល់អ៊ីរ៉ង់ នឹងត្រូវជាប់ពន្ធ ៥០% ភ្លាមៗ លើទំនិញទាំងអស់ដែលលក់ទៅឱ្យសហរដ្ឋអាមេរិក ហើយរឿងនេះនឹងគ្មានករណីលើកលែងឡើយ ។

ថ្វីត្បិតតែមេដឹកនាំអាមេរិករូបនេះ មិនបានចង្អុលមុខចំៗលើប្រទេសផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់ក៏ដោយ ប៉ុន្តែគេដឹងថា ទីក្រុងតេហេរ៉ង់មានសម្ព័ន្ធមិត្តធំៗចំនួន ២ ដែលជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន នោះគឺប្រទេសរុស្ស៊ី និងចិន ។

ប្រទេសទាំងពីរបានលួចជួយអ៊ីរ៉ង់ពង្រឹងសមត្ថភាពយោធា ដើម្បីទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក រួមទាំងអ៊ីស្រាអែល តាមរយៈការផ្គត់ផ្គង់មីស៊ីល ប្រព័ន្ធការពារដែនអាកាស និងបច្ចេកវិទ្យាប្រើប្រាស់បានពីរយ៉ាង ទាំងស៊ីវិល និងយោធា ។

ប៉ុន្តែការគាំទ្រទាំងនោះ ត្រូវបានកាត់បន្ថយយ៉ាងច្រើន ក្នុងអំឡុងពេលជាង ៥ សប្តាហ៍ នៃការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។ យ៉ាងណា ទាំងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានបដិសេធការផ្គត់ផ្គង់អាវុធណាមួយនាពេលថ្មីៗនេះទៅឱ្យទីក្រុងតេហេរ៉ង់ ៕

ប្រភព ៖ Straits Times និង Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា