ញូវដែលី ៖ ប្រទេសឥណ្ឌាពិចារណាប្រលែងសត្វពស់ និងក្រពើនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយបង់ក្លាដែស ខណៈដែលទីក្រុងញូវដែលីកំពុងព្យាយាមទប់ស្កាត់ការឆ្លងកាត់ដោយគ្មានការអនុញ្ញាត នេះបើតាមការបញ្ជាក់ពីកងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា កាលពីថ្ងៃ ពុធ ។

ញូវដែលី ៖ ប្រទេសឥណ្ឌាពិចារណាប្រលែងសត្វពស់ និងក្រពើនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយបង់ក្លាដែស ខណៈដែលទីក្រុងញូវដែលីកំពុងព្យាយាមទប់ស្កាត់ការឆ្លងកាត់ដោយគ្មានការអនុញ្ញាត នេះបើតាមការបញ្ជាក់ពីកងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា កាលពីថ្ងៃ ពុធ ។
ព្រំប្រទល់រវាងឥណ្ឌា និងបង់ក្លាដែស ស្ថិតនៅចំតំបន់ Sundarbans ដែលជាព្រៃកោងកាងធំបំផុតរបស់ពិភពលោក ។ បង់ក្លាដែសសឹងតែត្រូវបានហ៊ុមព័ទ្ធទាំងស្រុងដោយប្រទេសឥណ្ឌា ។ ហើយព្រំប្រទល់ប្រទេសទាំងពីរបានលាតសន្ធឹងប្រវែងជាង ៤.០០០ គីឡូម៉ែត្រ ដែលមួយផ្នែកធំ គឺមិនមានរបងខណ្ឌចែកទេ ។
បើតាម France24, មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា លោក Manoj Barnwal និយាយថា យើងត្រូវបានស្នើសុំឲ្យស្វែងយល់ពីលទ្ធភាពដាក់ពង្រាយសត្វល្មូន ដូចជាពស់ ឬក្រពើ នៅតំបន់ងាយលិចទឹក ស្ថិតនៅតាមបណ្តោយព្រំដែនដែលគ្មានរបង ។
លោកថា ផែនការដាក់ពង្រាយសត្វល្មូននេះ ត្រូវបានលើកយកមកពិភាក្សា ក្នុងអំឡុងកិច្ចប្រជុំខែកុម្ភៈ ជាមួយក្រសួងមហាផ្ទៃ ។
ទំនាក់ទំនងរវាងឥណ្ឌា និងបង់ក្លាដែស បានធ្លាក់ដុនដាបខ្លាំង បន្ទាប់ពីបដិវត្តន៍កាលពីឆ្នាំ ២០២៤ នៅរដ្ឋធានីដាកា ដែលបានបិទបញ្ចប់របបដឹកនាំផ្តាច់ការរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលបានរត់ភៀសខ្លួនទៅជ្រកកោនប្រទេសឥណ្ឌា ។
យោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិ, មនុស្សរហូតដល់ ១,៤០០ នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបដ៏សាហាវប្រឆាំងនឹងការបះបោរដឹកនាំដោយក្រុមនិសិ្សត ខណៈដែលលោកស្រី Hasina បានព្យាយាមកាន់អំណាចនៅបង់ក្លាដែសមិនព្រមលែង ។
ចាប់តាំងពីពេលនោះមក ឥណ្ឌាបានសង់របងព្រំដែនប្រវែងរាប់រយគីឡូម៉ែត្រ ហើយថែមទាំងបានចាប់ខ្លួនជនជាតិបង់ក្លាដែសជាច្រើននាក់ ដែលព្យាយាមរត់ឆ្លងដែន ក្រោយការផ្តួលរំលំរបបដឹកនាំរបស់លោកស្រី Hasina ៕
ប្រភព ៖ France24 ប្រែសម្រួល ៖ ឈឹម ទីណា
