តេហេរ៉ង់ ៖ មេដឹកនាំកំពូល របស់ អ៊ីរ៉ង់ បានអះអាង តាមរយៈសារ ជាលាយលក្ខណ៍អក្សរ ថា ប្រទេសរបស់ខ្លួន មិនស្វែងរកសង្រ្គាម នោះទេ។ ជាការប្រកាស បន្ទាប់ពីអាមេរិក និង អ៊ីរ៉ង់ បានព្រមព្រៀង បទឈប់បាញ់ រយៈពេល ២ សប្តាហ៍។

តេហេរ៉ង់ ៖ មេដឹកនាំកំពូល របស់ អ៊ីរ៉ង់ បានអះអាង តាមរយៈសារ ជាលាយលក្ខណ៍អក្សរ ថា ប្រទេសរបស់ខ្លួន មិនស្វែងរកសង្រ្គាម នោះទេ។ ជាការប្រកាស បន្ទាប់ពីអាមេរិក និង អ៊ីរ៉ង់ បានព្រមព្រៀង បទឈប់បាញ់ រយៈពេល ២ សប្តាហ៍។
តាមរយៈសារ ដែលផ្សាយ នៅលើទូរទស្សន៍រដ្ឋ លោក Mojtaba Khamenei និយាយថា សាធារណរដ្ឋឥស្លាម មិនចង់មានសង្រ្គាម ជាមួយសហរដ្ឋអាមេរិក និង អ៊ីស្រាអែលទេ ប៉ុន្តែ នឹងការពារសិទ្ធិរបស់ខ្លួន ក្នុងនាមជាប្រជាជាតិមួយ។
លោកបញ្ជាក់ថា «យើងមិនស្វែងរកសង្រ្គាមទេ ហើយយើងមិនចង់ធ្វើវាដែរ»។ លោកបានបន្ថែមថា «ប៉ុន្តែ យើងនឹងមិនបោះបង់ចោលសិទ្ធិស្របច្បាប់ របស់យើង ក្នុងកាលៈទេសៈណាក៏ដោយ ហើយ ក្នុងន័យនេះ យើងពិចារណា លើរណសិរ្សតស៊ូ ទាំងមូល ដែលកាន់តែធំ» ។
ប្រទេស អ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ បានយល់ព្រមលើបទឈប់បាញ់ដ៏ផុយស្រួយ រយៈពេល ពីរ សប្តាហ៍ ជាមួយសហរដ្ឋអាមេរិក ដែលអាចនាំឱ្យមានការចរចាសន្តិភាព បន្ទាប់ពីការគំរាមកំហែង នៃការបំផ្លិចបំផ្លាញ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump ។
បើតាម AFP, ទំនងជារងរបួស ក្នុងការធ្វើវាយប្រហារ ដែលបានសម្លាប់ឪពុក, លោក Mojtaba Khamenei នៅតែមិនទាន់ត្រូវបានគេឃើញមុខ ជាសាធារណៈ ចាប់តាំងពីការតែងតាំង ជាមេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់។ លោកបានចេញសេចក្តីប្រកាស ជាលាយលក្ខណ៍អក្សរ ដែលភាគច្រើន អានដោយអ្នកធ្វើអត្ថាធិប្បាយ តាមទូរទស្សន៍រដ្ឋ។
ប្រធានាធិបតីអាមេរិក លោក Donald Trump ថែមទាំងប៉ាន់ស្មានថា លោក Mojtaba Khamenei អាចស្លាប់បាត់បង់ជីវិត ប៉ុន្តែ ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ និយាយថា លោកកំពុងជាសះស្បើយពីរបួស ហើយបង្ហោះរូបថតរបស់លោក Mojtaba Khamenei ដោយមិនបានបញ្ជាក់ថា តើរូបភាពទាំងនេះ ត្រូវបានថត នៅពេលណានោះទេ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

