សិង្ហបុរី ៖ អូស្ត្រាលី និងសិង្ហបុរី បានព្រមព្រៀងគ្នាលើការបន្តលំហូរប្រេងឥន្ធនៈចម្រាញ់រួច និងឧស្ម័នធម្មជាតិរាវ (LNG) ខណៈដែលប្រទេសដៃគូពាណិជ្ជកម្មទាំងពីរ បានសន្យាជំរុញទំនាក់ទំនងទ្វេភាគី ចំពេលមានបទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។

ការសន្យានេះ កើតឡើងស្របពេលដែលនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong បានជួបជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese នៅប្រទេសសិង្ហបុរី កាលពីថ្ងៃ សុក្រ ។
បើតាម AFP, មេដឹកនាំទាំងពីរបានយល់ព្រមធានាលំហូរការផ្គត់ផ្គង់ថាមពលសំខាន់ៗ រួមទាំងប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិរាវ ជាពិសេសការបង្កើតកិច្ចខិតខំក្នុងកម្រិតអតិបរមា ដើម្បីជំរុញសន្តិសុខថាមពល ។
លោក Albanese និយាយថា អូស្រា្តលីបានផ្គត់ផ្គង់ប្រហែល ១ភាគ ៣នៃការនាំចូលឧស្ម័នធម្មជាតិរាវដល់សិង្ហបុរី ខណៈដែលអូស្រ្តាលីទទួលបានប្រហែល ២៦ ភាគរយនៃប្រេងចម្រាញ់រួចពីសិង្ហបុរី ។
រីឯលោក Wong បានបញ្ជាក់ថា សិង្ហបុរីគ្មានផែនការបិទខ្ទប់ការនាំចេញប្រេង និងឧស្ម័នធម្មជាតិរាវនោះទេ ទោះបីជាតម្លៃថាមពលសកលហក់ឡើងខ្ពស់ក៏ដោយ ។
គួរបញ្ជាក់ថា អូស្ត្រាលីបានពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈចម្រាញ់រួចប្រមាណ ៩០ ភាគរយពីក្រៅប្រទេស ក្នុងនោះប្រហែល១ភាគ៤នាំចូលពីប្រទេសសិង្ហបុរី ។
ជាថ្នូរមកវិញ សិង្ហបុរីបានពឹងផ្អែកលើឧស្ម័នធម្មជាតិរាវ (LNG) នាំចូលពីអូស្ត្រាលី ដោយអូស្រ្តាលីបានរ៉ាប់រងប្រហែល ៣២ភាគរយនៃតម្រូវការរបស់សិង្ហបុរី ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា