វ៉ាស៊ីនតោន ៖ ក្រុមអវកាសយានិករបស់អង្គការ NASA ចំនួន ៤ រូប នៃបេសកកម្ម Artemis II បានវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់បេសកកម្មលើកដំបូងរបស់ខ្លួន ក្នុងការធ្វើដំណើរក្រឡឹងជុំវិញភពព្រះចន្ទ ដែលមិនធ្លាប់មានក្នុងរយៈពេល ៥០ ឆ្នាំ ។

ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសថា យានអវកាស Orion បានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅឯរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅម៉ោងប្រហែល ១២និង៧នាទីរំលងអាធ្រាត្រឈានចូលនៅថ្ងៃ សៅរ៍ (ម៉ោងក្នុងតំបន់) ។
វីដេអូបង្ហាញពីទូក និងឧទ្ធម្ភាគចក្រមួយគ្រឿងកំពុងខិតជិតយានភ្លាមៗ បន្ទាប់ពីធ្លាក់ចុះ ។ បើតាមការលើកឡើងរបស់អង្គការ NASA, ក្រុមអវកាសយានិកទាំង ៤ រូប បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយជោគជ័យរួច ពួកគេនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព និងការស្តារនីតិសម្បទា ។
យោងតាម AFP, បេសកកម្ម Artemis II តម្រូវឱ្យអវកាសយានិកអាមេរិក និងកាណាដា ធ្វើដំណើរក្រឡឹងជុំវិញផ្នែកម្ខាងទៀតនៃភពព្រះចន្ទ ក្នុងរយៈពេល ១០ថ្ងៃ ។
ពួកគេបានហោះទៅដល់ចម្ងាយ ៤០៦,៧៧១ គីឡូម៉ែត្រពីផែនដី ដែលនេះជាចម្ងាយឆ្ងាយបំផុតដែលមនុស្សធ្លាប់ធ្វើដំណើរពីមុន ពោលគឺច្រើនជាង ៦,៦០០ គីឡូម៉ែត្រ បើធៀបនឹងកំណត់ត្រាពីមុន ដែលបំបែកដោយបេសកកម្ម Apollo 13 ក្នុងឆ្នាំ ១៩៧០ ។
គួរបញ្ជាក់ថា បេសកកម្ម Artemis របស់អង្គការ NASA ដែលដឹកនាំដោយសហរដ្ឋអាមេរិក មានគោលបំណងបញ្ជូនអវកាសយានិកទៅចុះចតនៅលើភពព្រះចន្ទជាលើកដំបូងនៅឆ្នាំ ២០២៨ ពោលគឺបន្ទាប់ពីកម្មវិធី Apollo បានធ្វើរឿងស្រដៀងគ្នានេះ កាលពីប្រហែលកន្លះសតវត្សរ៍មុន ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា