តេហេរ៉ង់ ៖ យោងតាមការវាយតម្លៃពីផ្នែកចារកម្ម បានទម្លាយឱ្យដឹងថា អ៊ីរ៉ង់បានរងការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលគិតជាទឹកលុយមានចន្លោះពី ១៤០ ទៅ ១៤៥ ពាន់លានដុល្លារ បន្ទាប់ពីសង្គ្រាមរយៈពេល ៦ សប្តាហ៍ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។

តេហេរ៉ង់ ៖ យោងតាមការវាយតម្លៃពីផ្នែកចារកម្ម បានទម្លាយឱ្យដឹងថា អ៊ីរ៉ង់បានរងការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលគិតជាទឹកលុយមានចន្លោះពី ១៤០ ទៅ ១៤៥ ពាន់លានដុល្លារ បន្ទាប់ពីសង្គ្រាមរយៈពេល ៦ សប្តាហ៍ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។
ក្រៅពីខាតបង់លុយ សង្គ្រាមនេះ ក៏បានសម្លាប់ជីវិតប្រជាជនអ៊ីរ៉ង់ប្រហែល ៣,៥៤០ នាក់ ក្នុងចំណោមនោះ មាន ១,៦១៦ នាក់ជាជនស៊ីវិល និង ២៤៤ នាក់ជាកុមារ ខណៈដែលមនុស្សប្រមាណ ២០,០០០ នាក់ទៀតរងរបួស នេះបើតាមប្រភពពីអង្គការសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។
យោងតាម Jerusalem Post, ជម្លោះ ៤០ ថ្ងៃកន្លងមកនេះ បានធ្វើឱ្យអ៊ីរ៉ង់ជួបប្រទះនឹងការខាតបង់យ៉ាងធំធេង និងការខូចខាតយ៉ាងទូលំទូលាយ ចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងស៊ីវិលរបស់ខ្លួន ក្នុងនោះប្រជាជនអ៊ីរ៉ង់ជាច្រើនបានបាត់បង់ការងារ រីឯរោងចក្រ រោងចក្រថាមពល អាកាសយានដ្ឋាន និងស្ពាន ក៏ត្រូវបានបំផ្លិចបំផ្លាញ ។
រូបភាពផ្កាយរណប រួមជាមួយការវាយតម្លៃពីអ្នកជំនាញយោធា និងការពារជាតិអ៊ីរ៉ង់ បានបង្ហាញថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបំផ្លាញកន្លែងបាញ់បង្ហោះមីស៊ីលលើដី រឹតត្បិតការចូលទៅកាន់ឃ្លាំងស្តុកមីស៊ីលក្រោមដីជាបណ្តោះអាសន្ន និងបញ្ឈប់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការផលិតមីស៊ីលថ្មីភ្លាមៗ ។
យ៉ាងណា ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ានេះបានថមថយកំដៅវិញ ក្រោយប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់រយៈពេល ២ សប្តាហ៍ កាលពីថ្ងៃទី ៨ ខែមេសា ដែលនេះជាការផ្លាស់ប្តូរភ្លាមៗ បន្ទាប់ពីបានគំរាមកំហែងថា អារ្យធម៌ទាំងមូលរបស់អ៊ីរ៉ង់ នឹងរលាយបាត់ពីផែនដីត្រឹមមួយយប់ បើសិនអ៊ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀង ៕
ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

