ប៉ារីស ៖ ក្រុមហ៊ុន Airbus របស់អឺរ៉ុប បានប្រគល់យន្តហោះដឹកអ្នកដំណើរចំនួន ៦០ គ្រឿងដល់ដៃអតិថិជនចំនួន ៣៨ ក្រុមហ៊ុន កាលពីខែមីនា ខណៈដែលការចែកចាយយន្តហោះនៅត្រីមាសទី១ មានត្រឹមតែ ១១៤ គ្រឿងប៉ុណ្ណោះ ធ្លាក់ចុះចំនួន ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មានចំនួន ១៣៦ គ្រឿង ។
យោងតាមរបាយការណ៍ប្រចាំខែ, ក្នុងចំណោមយន្តហោះទាំង ៦០ គ្រឿង ក្នុងនោះ ៣ គ្រឿងត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ បើទោះបីជាមានការរំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ បង្កពីជម្លោះនៅឈូងសមុទ្រក៏ដោយ ។
ទន្ទឹមគ្នា ក្រុមហ៊ុន Airbus ក៏បានដឹកជញ្ជូនយន្តហោះទៅដល់ដៃក្រុមហ៊ុនអាកាសចរណ៍ Ethihad និង ក្រុមហ៊ុន Fly A Deal របស់អារ៉ាប៊ីសាអូឌីត ម្នាក់មួយគ្រឿងផងដែរ ។
បើតាមការអះអាងរបស់នាយកប្រតិបត្តិក្រុមហ៊ុន Airbus លោក Guillaume Faury, ការដឹកជញ្ជូនយន្តហោះរបស់ Airbus ត្រូវបានរំខានចាប់តាំងពីដើមឆ្នាំ ២០២៦ នេះមកម្ល៉េះ ដោយសារតែមានបញ្ហាជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់បន្ទះតួយន្តហោះ និងកង្វះខាតម៉ាស៊ីនជាដើម ។
យ៉ាងណា ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស ដែលមានមូលដ្ឋាននៅប្រទេសបារាំងមួយនេះ បានដាក់មហិច្ឆតាដឹកជញ្ជូនយន្តហោះរហូតដល់ ៨៧០ គ្រឿងនៅឆ្នាំ ២០២៦ ៕
ប្រភព ៖ Bloomberg ប្រែសម្រួល ៖ ឈឹម ទីណា