តេហេរ៉ង់ ៖ ប្រធានសភាអ៊ីរ៉ង់ លោក Ghalibaf បានប្រកាស កាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោក បានយកឈ្នះសង្គ្រាម អាមេរិក ពោលគឺនៅ ៤ថ្ងៃ មុនពេលដែលបទឈប់បាញ់ ២ សប្តាហ៍ ត្រូវផុតសុពលភាព។

តេហេរ៉ង់ ៖ ប្រធានសភាអ៊ីរ៉ង់ លោក Ghalibaf បានប្រកាស កាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោក បានយកឈ្នះសង្គ្រាម អាមេរិក ពោលគឺនៅ ៤ថ្ងៃ មុនពេលដែលបទឈប់បាញ់ ២ សប្តាហ៍ ត្រូវផុតសុពលភាព។
លោក Mohammad Bagher Ghalibaf អះអាងពីការទទួលជ័យជម្នះ ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ នៃ សង្រ្គាម ដោយលើកហេតុផលថា ព្រោះតែការទាមទាររបស់អ៊ីរ៉ង់ ត្រូវបានឆ្លើយតប។
នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ជាតិ លោក Ghalibaf បាននិយាយថា «យើងបានទទួលជ័យជម្នះ នៅក្នុងសង្គ្រាមនេះ» ដោយបន្ថែមថា សហរដ្ឋអាមេរិក មិនបានសំរេចគោលដៅរបស់ខ្លួនទេ ហើយ អ៊ីរ៉ង់បានគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ។ លោកបាននិយាយ ដោយសំដៅទៅលើសហរដ្ឋអាមេរិកថា «ប្រសិនបើយើងទទួលយកបទឈប់បាញ់នោះ គឺ ដោយសារតែ ពួកគេទទួលយកការទាមទារ របស់យើង»។
គួរឲ្យដឹងថា លោក Ghalibaf និង គណៈប្រតិភូអ៊ីរ៉ង់ បានបើកកិច្ចចរចាបិទទ្វារ ជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃទី១១ ខែមេសា នាទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន ហើយនេះគឺជាការទាក់ទងគ្នាផ្ទាល់ កម្រិតខ្ពស់បំផុត រវាងអ៊ីរ៉ង់ និង អាមេរិក ចាប់តាំងពីមុនបដិវត្តន៍អ៊ីស្លាម ឆ្នាំ១៩៧៩ ។
ការអះអាងពីជ័យជំនះ របស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានកើតឡើង ស្របពេលដែល បទឈប់បាញ់រយៈពេល ២សប្តាហ៍ គ្រោងនឹងបញ្ចប់ នៅថ្ងៃពុធ ទី២២ ខែមេសា ខាងមុខ ដោយមិនទាន់មានការបញ្ជាក់ ជុំវិញការបន្តពន្យារពេល ឬ យ៉ាងណា នៅឡើយទេ។ ប៉ុន្តែ លោក Ghalibaf បានបញ្ជាក់ថា ភាគីទាំងពីរ ពិបាកស្វែងរកកិច្ចព្រមព្រៀងជាមួយគ្នា បើទោះបីជា ការចរចាដំណើរការល្អក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
