វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា រូបលោកនឹងបញ្ជូនតំណាងពិសេសទៅកាន់រដ្ឋធានីនៃប្រទេសប៉ាគីស្ថាន ដើម្បីចរចាបញ្ចប់សង្គ្រាមសាជាថ្មីជាមួយអ៊ីរ៉ង់ នៅល្ងាចថ្ងៃទី២០ ខែមេសា ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា រូបលោកនឹងបញ្ជូនតំណាងពិសេសទៅកាន់រដ្ឋធានីនៃប្រទេសប៉ាគីស្ថាន ដើម្បីចរចាបញ្ចប់សង្គ្រាមសាជាថ្មីជាមួយអ៊ីរ៉ង់ នៅល្ងាចថ្ងៃទី២០ ខែមេសា ។
ការប្រកាសនេះ កើតឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ បានប្រើប្រាស់វោហាសាស្រ្តសម្លុតគំរាមម្តងទៀតថា នឹងវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងស្ពានរបស់ប្រទេសអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់នៅតែមិនយល់ព្រមចុះកិច្ចព្រមព្រៀងនោះទេ ។
បើតាម Straits Times, លោក Trump បានបង្ហោះសារលើបណ្តាញសង្គម កាលពីថ្ងៃ អាទិត្យ ថា រូបលោកកំពុងផ្តល់កិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងសមហេតុផលដល់អ៊ីរ៉ង់ ហើយលោកសង្ឃឹមថា អ៊ីរ៉ង់នឹងទទួលយកវា ពីព្រោះបើសិនអ៊ីរ៉ង់មិនទទួលយកវាទេ នោះអាមេរិកនឹងបំផ្លាញរោងចក្រថាមពលទាំងអស់ រួមទាំងស្ពានទាំងអស់នៅទូទាំងប្រទេសអ៊ីរ៉ង់ ។
ប្រធានាធិបតីអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានប្រាប់ Fox News ថា ប្រេសិតពិសេសអាមេរិក លោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីធ្វើការចរចានៅថ្ងៃទី២១ ខែមេសា ហើយចរចាអាចត្រូវបានអូសបន្លាយរហូតដល់ថ្ងៃទី២២ ខែមេសា ។
យោងតាមកាសែត New York Post, កូនប្រសាររបស់លោក Trump គឺលោក Jared Kushner ក៏នឹងចូលរួមក្នុងកិច្ចពិភាក្សាដើម្បីបញ្ចប់សង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរបួសរាប់ម៉ឺននាក់នៅទូទាំងប្រទេសអ៊ីរ៉ង់ផងដែរ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
