ម៉ាឌ្រីដ ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez និយាយថា ប្រទេសលោក នឹងដាក់សំណើមួយទៅសហភាពអឺរ៉ុប នៅថ្ងៃទី២១ ខែមេសា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសមាគមរបស់ប្លុកដ៏មានឥទ្ធិពលនេះជាមួយអ៊ីស្រាអែល ។

ម៉ាឌ្រីដ ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez និយាយថា ប្រទេសលោក នឹងដាក់សំណើមួយទៅសហភាពអឺរ៉ុប នៅថ្ងៃទី២១ ខែមេសា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសមាគមរបស់ប្លុកដ៏មានឥទ្ធិពលនេះជាមួយអ៊ីស្រាអែល ។
បន្ថែមពីលើសំណើនេះ លោកនាយករដ្ឋមន្ត្រី Sanchez ថែមទាំងបាននិយាយរិះគន់អ៊ីស្រាអែលចំៗមិនសំចៃមាត់ថា អ្នកដែលរំលោភច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ និងតម្លៃរបស់សហភាពអឺរ៉ុប គឺមិនអាចក្លាយជាដៃគូរបស់ប្លុកដ៏មានឥទ្ធិពលមួយនេះបានតទៅទៀតទេ ។
បើតាមស៊ីនហួរ, មេដឹកនាំអេស្ប៉ាញមានវ័យ៥៤ឆ្នាំរូបនេះ បានគូសបញ្ជាក់កាលពីថ្ងៃ អាទិត្យ ថា អេស្ប៉ាញនឹងធ្វើដូច្នេះ មិនមែនព្រោះអេស្ប៉ាញចង់ប្រឆាំងនឹងប្រជាជនអ៊ីស្រាអែលទាំងមូលនោះទេ ។
ផ្ទុយទៅវិញ ប្រជាជនអេស្ប៉ាញដែលជាមិត្តភក្តិរបស់ប្រជាជនអ៊ីស្រាអែល គ្រាន់តែចង់បង្ហាញពីការជំទាស់របស់អេស្ប៉ាញ ចំពោះសកម្មភាពដ៏ព្រៃផ្សៃប្រព្រឹត្តដោយរដ្ឋាភិបាលកំពុងកាន់អំណាចនៅអ៊ីស្រាអែលប៉ុណ្ណោះ ។
ជាមួយគ្នានេះ លោក Sanchez បានថ្លែងអះអាងសាជាថ្មីអំពីការប្រឆាំងរបស់អេស្ប៉ាញ ចំពោះសង្គ្រាមដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដោយលោកបានពណ៌នាជម្លោះប្រដាប់អាវុធនេះថា វាជា “កំហុសដ៏ធំមួយ” ។
សូមរម្លឹកថា កិច្ចព្រមព្រៀងសមាគមបានចូលជាធរមានចាប់តាំងពីឆ្នាំ ២០០០ កន្លងមក ដើម្បីផ្តល់មូលដ្ឋានច្បាប់សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបជាមួយអ៊ីស្រាអែល ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

