គូឡាឡាំពួរ ៖ មនុស្សម្នារាប់ពាន់នាក់ត្រូវបានជម្លៀសចេញទៅកាន់តំបន់មានសុវត្ថិភាពបណ្តោះអាសន្ន បន្ទាប់ពីអគ្គិភ័យដ៏កំណាចមួយបានលេបត្របាក់លំនៅដ្ឋានប្រហែល ១,០០០ ខ្នង នៅភូមិមួយជាប់ឆ្នេរសមុទ្រនៃរដ្ឋ Sabah ដែលស្ថិតនៅលើកោះ Borneo កាលពីថ្ងៃ អាទិត្យ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានពន្លត់អគ្គិភ័យម៉ាឡេស៊ី ។
លោក Jimmy Laguung ដែលជាប្រធានផ្នែកពន្លត់អគ្គីភ័យ និងជួយសង្គ្រោះប្រចាំស្រុក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរបានទទួលការជូនដំណឹងអំពីអគ្គីភ័យនៅស្រុក Sandakan នៅម៉ោងប្រហែល ១និង៣២នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ អាទិត្យ (ម៉ោងក្នុងតំបន់) ។
បើតាម AFP, អគ្គីភ័យដ៏កំណាចនេះ បានឆាបឆេះផ្ទះសម្បែងរបស់អ្នកភូមិអស់ប្រហែល ១,០០០ ខ្នង ដែលភាគច្រើនជាផ្ទះឈើ និងជាជម្រករបស់សហគមន៍ក្រីក្របំផុតមួយរបស់ប្រទេសម៉ាឡេស៊ី ដែលប្រមូលផ្តុំដោយក្រុមជនជាតិដើមភាគតិច និងក្រុមជនអនាថា ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama, ប៉ូលីសប្រចាំតំបន់បានរាយការណ៍ថា អ្នកភូមិច្រើនជាង ៩,០០០ នាក់បានរងផលប៉ះពាល់ដោយសារអគ្គីភ័យនេះ ទោះបីជាភ្លាមៗនៅមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬរងរបួស និងមូលហេតុនៅពីក្រោយអគ្គិភ័យនេះក៏ដោយ ។
ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថា រដ្ឋាភិបាលសហព័ន្ធកំពុងសម្របសម្រួលជាមួយអាជ្ញាធរ Sabah ដើម្បីផ្តល់ជំនួយជំហានដំបូង និងការផ្លាស់ទីលំនៅបណ្តោះអាសន្ន សម្រាប់អ្នកភូមិរងផលប៉ះពាល់ ។
បន្ថែមលើនេះ លោក Anwar ក៏បានបង្ហោះសារលើបណ្តាញសង្គម Facebook ដែរថា អាទិភាព ឥឡូវនេះ គឺសុវត្ថិភាពរបស់ជនរងគ្រោះ និងការបញ្ជូនជំនួយបន្ទាន់ទៅកាន់ទីតាំងកើតហេតុ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា