វ៉ាស៊ីនតោន ៖ នាវាផ្ទុកយន្តហោះ USS Gerald R. Ford របស់សហរដ្ឋអាមេរិក បានបង្កើតកំណត់ត្រាថ្មី សម្រាប់ការដាក់ពង្រាយនៅក្រៅប្រទេសយូរបំផុត រហូតដល់ទៅជិត ១០ ខែ ដើម្បីជួយជ្រោមជ្រែងដល់បេសកកម្មយោធាធំៗចំនួន ២ គឺនៅវេណេស៊ុយអេឡា និងសង្គ្រាមនៅអ៊ីរ៉ង់ ។

វ៉ាស៊ីនតោន ៖ នាវាផ្ទុកយន្តហោះ USS Gerald R. Ford របស់សហរដ្ឋអាមេរិក បានបង្កើតកំណត់ត្រាថ្មី សម្រាប់ការដាក់ពង្រាយនៅក្រៅប្រទេសយូរបំផុត រហូតដល់ទៅជិត ១០ ខែ ដើម្បីជួយជ្រោមជ្រែងដល់បេសកកម្មយោធាធំៗចំនួន ២ គឺនៅវេណេស៊ុយអេឡា និងសង្គ្រាមនៅអ៊ីរ៉ង់ ។
នាវា USS Gerald R. Ford មានទទឹង ៧៨ ម៉ែត្រ កម្ពស់ ៧៦ ម៉ែត្រ និងប្រវែង ៣៣៧ ម៉ែត្រ ។ វាសាងសង់ឡើងក្នុងតម្លៃជិត ១៨ ពាន់លានដុល្លារ ដែលអាចផ្ទុកយន្តហោះបានរហូតដល់ ៩០ គ្រឿង ធ្វើឱ្យវាក្លាយជានាវាផ្ទុកយន្តហោះធំបំផុតរបស់ពិភពលោក និងទំនើបបំផុតរបស់កងទ័ពជើងទឹកអាមេរិក ។
យោងតាមទិន្នន័យដែលចងក្រងដោយស្ថាប័នព័ត៌មាន U.S. Naval Institute News, នាវាផ្ទុកយន្តហោះធំបំផុតក្នុងពិភពលោកមួយនេះ បានចំណាយពេលរសាត់អណ្តែតលើផ្ទៃសមុទ្រសរុបដល់ទៅ ២៩៥ ថ្ងៃ ដែលលើសពីកំណត់ត្រាកាលពី ៥០ ឆ្នាំមុន ពោលក្នុងសម័យសង្គ្រាមវៀតណាម ដែលមានចំនួន ២៩៤ ថ្ងៃប៉ុណ្ណោះ ។
បើតាម AP, នាវាផ្ទុកយន្តហោះ USS Gerald R. Ford ត្រូវបានដាក់ពង្រាយនៅខែមិថុនា ឆ្នាំ ២០២៥ ដោយធ្វើដំណើរចាកចេញពីកំពង់ផែនៅ Norfolk រដ្ឋ Virginia ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ ។
ប៉ុន្តែកាលពីខែតុលា យោធាអាមេរិកបានផ្លាស់ប្តូរទិសដៅធ្វើដំណើររបស់នាវាមួយនេះភ្លាមៗ ដោយបង្វិលចង្កូតឆ្ពោះទៅកាន់សមុទ្រការ៉ាប៊ីនវិញ ដែលនេះជាផ្នែកមួយនៃការកសាងកម្លាំងកងទ័ពជើងទឹកធំបំផុតមិនធ្លាប់មានក្នុងតំបន់ ។
ការផ្លាស់ប្តូរគោលដៅនេះ ធ្វើឡើងក្នុងគោលបំណងជួយជ្រោមជ្រែងដល់ប្រតិបត្តិការយោធាវាយឆ្មក់ចាប់ខ្លួនលោកប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro និងជំទាវទី ១ ។ បន្ទាប់មក វាបន្តឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលភាពតានតឹងរវាងអាមេរិក-អ៊ីរ៉ង់កាន់តែពុះកញ្ជ្រោល ។
បន្ទាប់ពីបានបង្កើតកំណត់ត្រាថ្មីនេះរួច មន្ត្រីជាន់ខ្ពស់ពីររូបនៃកងទ័ពជើងទឹកអាមេរិករំពឹងថា នាវា USS Gerald R. Ford នឹងត្រូវដាក់ពង្រាយក្នុងរយៈពេលប្រហែល ១១ ខែ ទើបវិលត្រឡប់មកផ្ទះវិញនៅចុងខែឧសភា ខាងមុខ ៕
ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា

