ម៉ាឌ្រីដ ៖ ប្រមុខការទូតអេស្ប៉ាញ បានចង្អុលមុខអ៊ីស្រាអែលចំៗថា កំពុងព្យាយាមអូសទាញតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមជារៀងរហូត និងថា អ៊ីស្រាអែលក៏កំពុងប្រើប្រាស់យុទ្ធសាស្រ្តយោធានៅភាគខាងត្បូងនៃប្រទេសលីបង់ ដូចនៅតំបន់ហ្គាហ្សាដែរ ។

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares កាលពីថ្ងៃ ចន្ទ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ស្ថានភាពនៅលីបង់ បានឆ្លុះបញ្ចាំងពីគំរូ នៃការរារាំងជីវិតរស់នៅប្រចាំថ្ងៃ សម្រាប់ពលរដ្ឋលីបង់ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ការរំលោភបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ បទបញ្ជាឲ្យប្រជាជនផ្លាស់ទីលំនៅដោយបង្ខំ ដើម្បីកុំឲ្យពួកគេត្រឡប់ទៅវិញ ក៏ដូចជាការវាយប្រហារលើកងកម្លាំងអង្គការសហប្រជាជាតិនៅលីបង់ ។
លោកថា សកម្មភាពទាំងអស់នេះ បានបង្ហាញថា អ៊ីស្រាអែលកំពុងស្វែងរកការគ្រប់គ្រងលើផ្នែកនៃរដ្ឋអធិបតេយ្យមួយ ដោយលោកបានព្រមានថា ការធ្វើបែបនេះ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សម្រាប់ស្ថិរភាពនៃតំបន់មជ្ឈិមបូព៌ា និងសន្តិសុខរបស់អ៊ីស្រាអែលផ្ទាល់ ដូច្នេះអ៊ីស្រាអែលត្រូវតែយល់ថា ខ្លួនមិនអាចមានទំនាក់ទំនងធម្មតាបានទេ នៅពេលដែលសិទ្ធិមនុស្សត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនោះ ។
ជុំវិញជម្លោះកាន់តែរីកធំក្នុងតំបន់វិញ ប្រមុខការទូតអេស្ប៉ាញរូបនេះ បានអះអាងថា អេស្ប៉ាញ នឹងមិនចូលរួមក្នុងប្រតិបត្តិការយោធាណាមួយនៅច្រកសមុទ្រ Hormuz ជាកន្លែងដែលភាពតានតឹងនៅតែឡើងកំដៅខ្ពស់ ទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ ៕
ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា